ពលរដ្ឋ​រិះគន់ថា ប​ច្ច​ប្បន្ន​ស្រុក​កំពង់ត្រាច មាន​មេ​កន្ទុយលេខ​រីក​ដូច​ផ្សិត​តែ​អាជ្ញាធរ​និង​ជំនាញ​មិន​ខ្វល់ខ្វាយ​

កំពត ៖ ក្នុង​ពេល​ថ្មីៗ​នេះ​មាន​ប្រភព​ច្បាស់​ការណ៍​លួច​ទំលាយ​ថា ស្រុក​កំពង់ត្រាច គឺជា​ស្រុក​មួយ​ជាប់​លំដាប់​ខ្ពស់ ដែលមាន ល្បែងស៊ីសង​កន្ទុយលេខ​រីកដុះដាល​ដូច​ផ្សិត ប៉ុន្តែ​បទល្មើស​មួយ​នេះ​ហាក់​ពុំដែល​មាន​ការរំខាន​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច​ឡើយ​។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​នានា​ក្នុង​អាណាចក្រ​ស្រុក​កំពង់ត្រាច បាន​បង្ហើប​ថា ក្នុង​ទីប្រជុំជន​ស្រុក​កំពង់ត្រាច មាន​មេ​ស៊ីសង​កន្ទុយលេខ​ជាច្រើន​នាក់​សុទ្ធតែ​រកស៊ី​មុខរបរ​នេះ​ស្ទើ​ដុះ​ស្លែ​ទៅហើយ តែ​ពុំ​ដែល​មាន​ការព្រមាន​ពី​សំណាក់​អាជ្ញាធរ​និង​ជំនាញ ដូចជា គ្រូ​ងួន លី កុង​ហ៊ ម៉ែ​បញ្ញា ជាដើម ដែល​គេ​ដឹងថា មេ​កន្ទុយលេខ​ប៉ុន្មាន​នាក់​ខាងលើ​ប្រកប​មុខរបរ​ជា​មេ​ឆ្នោត​ជា​យូរ​មក​ហើយ ដោយ​មាន​កូនកញ្ច្រែង​ដើរ​កត់​កន្ទុយលេខ​ដ៏​ពពាក់ពពូន ដូច​លក់ដូរ​នំចំណី​អីចឹង​ដែរ ជួនកាល​ដើរ​កត់​លេខ​តាម​ទីប្រជុំជន​និង​តាម​ផ្ទះ​ប្រជាពលរដ្ឋ មើល​ទៅ​គេ​មិន​ខ្លាច​ក្រុម​អាជ្ញាធរ​និង​ក្រុម​សមត្ថកិច្ច​លើ​យ​។​ចំណែក​នៅ​ផ្លូវបំបែក​ឃុំ​អង្គ​សុរ​ភី ក្នុង​ស្រុក​កំពង់ត្រាច ក៏​មាន​មេ​កន្ទុយលេខ​ដុះ​ស្នឹម​ម្នាក់ទៀត​ឈ្មោះ​ពូ ប្រុស ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​សោយសុខ នឹង​ការប្រមូល​ផល​ពី​មុខរបរ​ល្បែង​កន្ទុយលេខ ហើយ​គេ​ក៏​ដឹង​ថា​ពូ​ប្រុស​នេះ មាន​កូនកញ្ច្រែង​មិន​ក្រោម​៤០​នាក់​ទេ ដោយ​មួយថ្ងៃៗ​មេ​ឆ្នោត​ម្នាក់នេះ​ប្រមូល​ប្រាក់​រាប់​លាន ហើយ​គេ​ដឹង​ថា​មេ​ឆ្នោត​ឈ្មោះ​ពូ​ប្រុស​នេះ មាន​សាខា​នៅ​ឯ​ឃុំ​ព្រែក​ក្រឹស​(​តន់​ហន់​)​ដែល​មាន​អ្នក​ចាំ​ទទួល​កត់​លេខ​ឆ្នោត​និង​ប្រមូល​លុយ​ស៊ី​ភាគរយ​នៅ​ទីនោះ ចំណែក​ពូ​ប្រុស​ពេល​ល្ងាច​អង្គុយ​គង​អន្ទាក់ខ្លា​នៅ​ផ្ទះ​ចាំ​ទទួល​ប្រាក់​យ៉ាង​រំភើយ គ្មាន​ភ័យព្រួយ គ្មាន​បារ​ម្មណ៍​អី្វ​ឡើយ​។​

​ប្រភព​ជឿរ​ជាក់បាន​ទំលាយ​ទៀតថា កន្លងមក​ធ្លាប់​ឃើញ​សមត្ថកិច្ច​ចាប់​មេ​ឆ្នោត​ក្នុងស្រុក​កំពង់ត្រាច​ម្តង​ដែរ ប៉ុន្តែ​មិន​បាន​មួយ​ចំអិន​កំពិស​ផង​ក៏​ដោះលែង​វិញ ហើយ​ក្រុម​មេ​កន្ទុយលេខ​ក៏​ចាប់ផ្តើម​បើក​មុខរបរ​កាន់តែ​រីកដុះដាល​និង​មាន​សន្ទុះ​ខ្លាំង​ជាង​មុន​ទៅទៀត ដោយ​បញ្ហា​នេះ​គេ​មិនដឹងថា​មាន​ការសិះ​ស៊ុះគ្នា​តាម​វិធី​ណា​រវាង​មេ​កន្ទុយលេខ​និង​សមត្ថកិច្ច​នោះ​ទេ​។​ប្រភព​ខាងលើ​បាន​ប្រាប់​បន្ថែមទៀតថា ក្រៅ​ពី​មេ​ស៊ីសង​កន្ទុយលេខ​នៅក្នុង​ទីប្រជុំជន​ស្រុក​កំពង់ត្រាច ក៏​មាន​មេ​ឆ្នោត​ធំៗ​ជាច្រើន​នាក់​ទៀត​ដែល​កំពុង​សំងំ​កើប​លុយ​ក្នុងរ​បរជា​មេ​កន្ទុយលេខ ដូចជា​ក្នុង​ឃុំ​ឫស្សីស្រុក​ខាងលិច ដែល​ជា​ឃុំ​ស្ថិតក្នុង​តំបន់​ជាយដែ គឺ​មាន​បទល្មើស​ល្បែងស៊ីសង​កន្ទុយលេខ​យ៉ាង​ពេញបន្ទុក តែ​អាជ្ញាធរ​និង​សមត្ថកិច្ច​ហាក់​មិន​ដែល​ខ្វាយខ្វល់​បន្តិច​លើ​យ ទោះ​ជា​ចង់​មាន​អ្នក​កត់​លេខឆ្នោត​រាប់សិប​នាក់​ដើរ​កត់​បង្អួត​បែប​ណា​ក៏ដោយ​ចុះ​។​

​ជាមួយនេះ ប្រជាពលរដ្ឋ​ក្នុង​តំបន់​បាន​រិះគន់​ទៅ​លើ​អាជ្ញាធរ​និង​សមត្ថកិច្ច​ជំនាញ ហាក់​គ្មាន​ចំណាត់ការ​ទៅលើ​ក្រុម​មេ​ស៊ីសង​កន្ទុយលេខ​ទាំងនោះ​ឡើយ ម្យ៉ាងទៀត​អ្នក​ប្រកប​របរ​ស៊ីសង​កន្ទុយលេខ មើល​ទៅ​ដូច​ជា​មិន​ដែល​ខ្លាច​អាជ្ញាធរ​និង​សមត្ថកិច្ច​បន្តិច​លើ​យ ក្រែង​អាច​ត្រូវ​មន្ត​សណ្តំ​របស់​មេ​ឆ្នោត​នោះ​ក៏​មិនដឹង​។​

​ទាក់ទិន​នឹង​ល្បែងស៊ីសង​កន្ទុយលេខ កំពុង​កើតឡើង​យ៉ាង​កក្រើក​ក្នុង​អាណាចក្រ​ខាងលើ អ្នកយក​ព័ត៌មាន​ពុំ​អាច​សុំ​ការបំភ្លឺ ពី​លោក សេង សុគន្ធ​ចា​ត អធិការនគរបាល​ស្រុក​កំពង់ត្រាច​បាន​ទេ នៅ​រសៀល​ថ្ងៃ​ទី​៤​ខែតុលា ឆ្នាំ​២០១៧ ដោយសារ​ទូរស័ព្ទ​រប​ស់លោក​ស្ថិតក្នុង​តំបន់​ក្រៅ​សេវា​។​/ ណា​រិទ្ធ​

 

Filed in: ខេត្តកំពត, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

© 4686 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.