សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទទ្វារ​ទឹក​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២

​ខេត្ត​ស្ទឹងត្រែង ៖ ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៧ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​នៅក្នុង​ពិធី​បិទទ្វារ​ទឹក​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ (Hydro Power Lower Se San 2) ស្ថិតនៅក្នុង​ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្ត​ស្ទឹងត្រែង​។​

​នៅក្នុង​ឱកាស​នេះ សម្តេច​តេជោ បាន​មានប្រសាសន៍​អបអរសាទរ​ចំពោះ​សមិទ្ឋផល​ប្រវត្តិសាស្ត្រ​ដ៏​ធំធេង​នៅ​ខេត្ត​ស្ទឹងត្រែង​។ សមិទ្ឋផល​នេះ គឺ​សម្រេច​បាន​ដោយ​មាន​ការខិតខំ​ប្រឹង​ប្រែង​ត្រៀម​រៀបចំ​តាំងពី​១០​ឆ្នាំ​មុន​មក​ម្ល៉េះ​។ សម្តេច​តេជោ រីករាយ​ដែល​បាន​អញ្ជើញ​មក​បិទទ្វារ​ទឹក​វា​រី​អគ្គីសនី​ថ្ងៃនេះ​។ សម្តេច​តេជោ ក៏​បាន​អរគុណ​ដល់​ក្រសួង​ពាក់ព័ន្ឋ និង​ក្រុមហ៊ុន​ដៃគូ​ទាំងអស់​។

​សម្តេច​តេជោ បានបញ្ជាក់​ថា ដំណាក់កាល​ដុត​ច​ន្លុះ ដុត​ខ្លាញ់ត្រី ដុត​ប្រេងកាត ដុត​ទៀន​… គឺ​បាន​រសាត់​ផុត​ពី​កម្ពុជា​ហើយ​។ កម្ពុជា​សព្វថ្ងៃ​កំពុង​ប្រើប្រាស់​អគ្គីសនី​ជាង​២,០០០​មេហ្កា​វ៉ាត់​រួចហើយ​។ តម្រូវការ​អគ្គីសនី​គឺ​នឹង​កើន​ខ្ពស់​ទៀត​។ ពីមុន​ការផ្គត់ផ្គង់​អគ្គីសនី​គឺ​មាន​លក្ខណៈ​បណ្តោះអាសន្ន​ប៉ុណ្ណោះ ព្រោះ​ត្រូវ​ទិញ​ពី​ប្រទេសជិតខាង​។ ប៉ុន្តែ​ចាប់ពី​ពេល​ដំណើរការ​វា​រី​អគ្គីសនី​ពី​ទី​នេះ​ទៅ គឺ​កម្ពុជា​មាន​បណ្តាញ​ផ្គត់ផ្គង់​ខ្លូន​ឯង​ប្រកបដោយ​ស្ថេរភាព​និង​ឯករាជភាព យើង​មិន​ត្រឹមតែ​ផ្គត់ផ្គង់​សម្រាប់​ខេត្ត​ស្ទឹងត្រែង​ទេ គឺ​នឹង​ឆ្លង​ទៅ​ផ្គត់ផ្គង់​នៅ​ខេត្ត​ផ្សេងៗ​ទៀត​។  ស្ទើរតែ​គ្រប់​វិស័យ គឺ​ត្រូវការ​វិស័យ​ថាមពលអគ្គីសនី​អោយ​ដើរ​ទៅ​មុខ​មុនគេ ដូចជា​វិស័យ​ទេសចរណ៍​សព្វថ្ងៃ​គឺ​ត្រូវការ​អគ្គីសនី​ចាំបាច់​បំផុត​។ ច្បាស់​ណាស់​រាល់​នូវ​ការអភិវឌ្ឍ គឺ​តែងតែ​ប៉ះពាល់​ដល់​បរិស្ថាន និង​បងប្អូន​អ្នកភូមិ​ទោះបី​តិច​ឬ​ច្រើនក្តី ដូចជា​នៅ​ភូមិ​ស្រែ​ស្រណុក និង​ឃុំ​ក្បាល​រមាស គឺ​រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន​បានរួម​គ្នា​ដោះស្រាយ​ជូន​បងប្អូន​ដោយ​បាន​ស​រៀបចំ​កសាង​ធ្វើ​ផ្ទះ​ជូន​បងប្អូន ហើយ​បាន​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន​អោយមាន​កម្រិត​ទាប​បំផុត​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​ធ្លាប់​បាន​អញ្ជើញ​មក​ពិនិត្យ​ការដ្ឋាន​ម្តង​រួចមកហើយ​កាលពី​ថ្ងៃ​ទី ២៦ កក្កដា ២០១៦​។ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ នៅ​ខេត្ត​ស្ទឹងត្រែង គឺជា​ទំនប់​ដែល​ធំជាងគេ​ក្នុងប្រទេស​កម្ពុជា​។ មាន​ក្រុមហ៊ុន​៣​ដែល​រួម​គ្នា​វិនិយោគ​ដូចជា ក្រុមហ៊ុន Hydrolancang International Energy មាន​ភាគហ៊ុន ៥១%  ក្រុមហ៊ុន Royal Group របស់​អ្នកឧកញ៉ា​គិត ម៉េង មាន​ភាគហ៊ុន ៣៩% និង​ក្រុមហ៊ុន EVN មកពី​ប្រទេស​វៀតណាម មាន​ភាគហ៊ុន ១០% លើ​ទឹកប្រាក់​ចំនួន ៧៨១.៥២ លាន​ដុល្លារ​អាមេរិក​។ គម្រោង​វិនិយោគ​នេះ​ក៏​បាន​ឆ្លងកាត់​ការអនុម័ត​ពី​រដ្ឋសភាជាតិ​ផងដែរ ដែល​បាន​ធានា​ដល់​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​។ ទន្ទឹម​នឹង​ការផលិត​អគ្គីសនី​នៅទីនេះ គឺ​ទាមទារ​ការ​ត​បណ្តាញ​ពី​ស្ទឹង​ត្រែង​ទៅ​ក្រចេះ ពី​ក្រចេះ​ទៅ​កំពង់ចាម និង​ពី​កំពង់ចាម​ទៅ​ភ្នំពេញ គឺ​ត្រូវ​ត​ភ្ជាប់​បណ្តាញ​មេ​ទាំងអស់​ដែល​នឹង​ធ្វើអោយ​តម្លៃ​អគ្គីសនី​ធ្លាក់ចុះ​ថោក​ជា​បន្តបន្ទាប់​។  ចំពោះ​បងប្អូន​ក្រីក្រ​ដែល​ប្រើ​ភ្លើង​ក្រោម​១០​គីឡូវ៉ាត់ម៉ោង​គឺ​បង់​តែ ៤៨០៛ ប្រសិនបើ​ប្រើ​ចាប់ពី ១១​គ​វ​ម​-៥០​គ​វ​ម គឺ​បង់​តែ​៦១០៛ រដ្ឋ​នឹង​ជួយ​បង់​ជំនួស​នូវ​តម្លៃ​លើសពីនេះ​។ ចំពោះ​ខេត្ត​រនៈ​គិរី  គឺ​បង់​តែ​៦៧០៛ ព្រោះ​ខេត្ត​នេះ​គឺ​មាន​វា​រី​អគ្គីសនី​ប្រើ​រួចហើយ​។ សព្វថ្ងៃ​មាន​ប្រជា​ពល រដ្ឋ​ជាង​៣​លាន​ខ្នង​ផ្ទះ​ដែល​ទទួលបាន​អគ្គីសនី​ប្រើប្រាស់​។ យើង​ត្រូវ​រៀបចំ​អោយ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស ជាពិសេស​នៅ​តាម​ជនបទ​មាន​អគ្គីសនី​ប្រើប្រាស់​គ្រប់ៗ​គ្នា​។

​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ គឺ​មាន​កម្លាំង​ថាមពល ៤០០ មេហ្គា​វ៉ាត់ ដែល​នឹង​ដាក់ឲ្យ​ដំណើរការ​ជា​លើកដំបូង​នៅ​ដើមឆ្នាំ​២០១៨ ដែល​មាន​កម្លាំង​ផលិត​បាន ១.៩១២ លាន​គីឡូវ៉ាត់ម៉ោង​។ ចំពោះ​តម្លៃ​ដែល​លក់​ឲ្យ​អគ្គិសនី​កម្ពុជា​គឺ ៦,៩៥ សេន​អាមេរិក ក្នុង​១​គីឡូវ៉ាត់ម៉ោង​ក្នុង​រយៈពេល ៤០ ឆ្នាំ (BOT) បន្ទាប់មក​នឹង​ត្រូវ​ប្រគល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​គ្រប់គ្រង​ទាំងស្រុង​។ ក្រោយ​ពី​ចប់​៤០​ឆ្នាំ គឺ​រដ្ឋ​យក​មក​គ្រប់គ្រង​ទាំងស្រុង ឬ​ជួល​បន្ត​អោយ​ក្រុមហ៊ុន​។​

​អរគុណ​រដ្ឋាភិបាល​ចិន ដែល​បាន​គាំទ្រ​និង​ជំរុញ​អ្នកវិនិយោគ​ចិន​មក​វិនិយោគ​នៅ​កម្ពុជា​។ ចំពោះ​ក្រុមហ៊ុន​ដែល​បាន​មក​ចុះបញ្ជី​វិនិយោគ​ហើយ​មិន​ព្រម​ធ្វើ​ទេ​គឺ​បាន​តែ​សន្យា គឺ​រាជរដ្ឋាភិបាល​នឹង​ដក​អោយ​អ្នក​ផ្សេង​ធ្វើ​។ សម្តេច​តេជោ ក៏​បាន​កោតសរសើរ​សារ​ជា​ថ្មី​ដល់ អ្នកឧកញ៉ា គិត ម៉េង ដែល​បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ចិន និង​ក្រុមហ៊ុន​វៀតណាម និង​ជាមួយ​ក្រសួង​រ៉ែ និង​ថាមពល​។ អរគុណ​កងកម្លាំងប្រដាប់អាវុធ​ដែល​បាន​ចូលរួម​ការពា​សន្តិសុខ​ដល់​ដំណើរការ​សាងសង់​វា​រី​អគ្កីសនី និង​ជា​ពិសេស​អរគុណ​បងប្អូន​ប្រជាពលរដ្ឋ អាជ្ញាធរ ដែល​បាន​សហការ​រហូតដល់​កម្រោង​ដ៏​ធំ​នេះ​បាន​ចេញ​ជា​រូបរាង​ពិតប្រាកដ​នៅថ្ងៃនេះ​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អរគុណ​ដល់​បង​បងប្អូន​ប្រជាពលរដ្ឋ​ដែល​តែងតែ​គាំទ្រ​គណបក្ស​ប្រជាជន ហើ​សង្ឃឹម​ថា​បងប្អូ​ននឹង​បន្ត​បោះឆ្នោត​អោយ​គណបក្ស​ប្រជាជន ដើម្បី សម្តេច​តេជោ ហ៊ុន សែន មាន​ឱកាស​និង​មាន​លទ្ឋភាព​កសាង​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​អោយ​កាន់តែ​រីកចម្រើន​ថែម​ទៀត​។ សម្តេច​តេជោ សង្ឃឹម​និង​ជឿជាក់​លើ​ការគាំទ្រ​របស់​ប្រជាពលរដ្ឋ ដែល​មិន​អាច​កាត់ផ្តាច់​ពី​គ្នា​បាន​ឡើយ​៕

 

Filed in: ខេត្តស្ទឹងត្រែង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!