​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣០០​នាក់​នៅ​ស្រុក​ប្រាសាទបាគង បិទ​ផ្លូវ​មិនអោយ​រថយន្ត​ដឹក​សម្រាម របស់​ក្រុមហ៊ុន ហ្គា​អ៊ី​យ៉ា ភីអិលស៊ី ចូល​ទៅ​ចាក់​សម្រាម​នោះ ត្រូវបាន​អាជ្ញាធរ​ខេត្ត​សៀមរាប ដោះស្រាយ​ហើយ​កាលពី​ថ្ងៃ​សៅរ៍ កន្លងមកនេះ

ខេត្តសៀមរាប ៖ នៅក្នុង​ក្រុង​សៀមរាប រយៈពេល​០៣​ថ្ងៃ​ចុង​សប្តាហ៍​កន្លងមកនេះ គំនរ​សម្រាម​រង់ ចាំ​ការដឹកជញ្ជូន​ចេញ​ទៅ​កាន់​ទីលាន​ចាក់​សម្រាម​ត្រូវ​បាន​កកស្ទះ​ពេញ​ក្រុង ដោយសារតែ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៣០០​នាក់ បិទផ្លូវ​ច្រកចូល រារាំង​មិនឲ្យ​រថយន្ត​ដឹក​សម្រាម របស់​ក្រុមហ៊ុន ហ្គា​.​អ៊ី​.​យ៉ា ភីអិលស៊ី​( GAEA Plc ) ចូល​ទៅ​កាន់​ទីលាន​ចាក់​សម្រាម នោះទេ  ។

​ប្រជាពលរដ្ឋ​ទាំងនោះ មកពី​ភូមិ​អន្លង់​ពីរ និង​ភូមិ​ភ្នំ​ដី នៃ​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ហើយ​ទីលាន​ចាក់សម្រាម​នោះ ស្ថិតនៅ​ចន្លោះ​ភូមិ​ទាំង​២​នេះ ក្នុង​ទំហំ​ផ្ទៃដី​ប្រមាណ​ជិត ៣ ហិកតា ។​

​លោកស្រី ក្លែរ ប្រូ​ម៉េ នាយិកា​ក្រុមហ៊ុន​ប្រមូល​សម្រាម ហ្គា​.​អ៊ី​.​យ៉ា បាន​បកស្រាយ​អំពី​ការតវ៉ា​បិទផ្លូវ​រថយន្ត​ដឹក​ជញ្ជូន​សម្រាម​របស់ ក្រុមហ៊ុន​ហ្កា​.​អ៊ី​.​យ៉ា ដោយ​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ទាំងនោះ គឺជា​អ្នក​រើស​សម្រាម​នៅ​ទីនោះ យូរ​ឆ្នាំ​មកហើយ ។  ពួកគាត់​បាន​បិទផ្លូវ​ចូល​ទៅ​កាន់​ទីលាន​ចាក់សម្រាម​នោះ តាំងពី​ថ្ងៃ​ទី​២៩ ខែ​សីហា កន្លងទៅនេះ ដែល​ធ្វើឲ្យប៉ះពាល់​ដល់​ការប្រមូល និង​ដឹក​ជញ្ជូន​សម្រាម​នៅក្នុង​ក្រុង​សៀមរាប ។

​លោកស្រី​បញ្ជាក់​ពី​មូលហេតុ​ដែល​នាំឲ្យមាន​បញ្ហា​បិទផ្លូវ​នេះ គឺ​ដោយសារតែ​ក្រុមហ៊ុន ហាមឃាត់ និង បញ្ឈប់​ពួកគាត់​មិន​ឲ្យ​រើសសម្រាម​បន្តទៀត ។ លោកស្រី បាន​បញ្ជាក់បន្ថែម​ថា ក្រុមហ៊ុន ហ្កា​.​អ៊ី​.​យ៉ា បាន​ធ្វើ​ការវិនិយោគ​នៅក្នុង​គម្រោង ដើម្បី​អភិវឌ្ឍ​ទីលាន​ចាក់សម្រាម​សុវត្ថិភាព ដែល​គោរព​ដល់​បរិស្ថាន បទដ្ឋាន​សុខភាព សុវត្ថិភាព ដើម្បី​ជា​គុណប្រយោជន៍​ដល់​សហគមន៍ ។ គម្រោង​របស់​ក្រុមហ៊ុន ត្រូវ​បាន​ឆ្លងកាត់​ការសិក្សា​វាយតម្លៃ ពី​ផលប៉ះពាល់​បរិស្ថាន និង​សង្គម (EIA) ហើយ​អនុលោម​តាម​អនុសាសន៍​ណែនាំ​របស់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ។​

​នៅក្នុង​គម្រោង​នោះ ក៏​មាន​ការហាមឃាត់​មិន​ឲ្យ​អ្នកដទៃ​ចូល​ទីលាន​ចាក់​សំរាម គឺជា​គោលការណ៍​នៃ​បទដ្ឋាន​សុខភាព និង សុវត្ថិភាព​នៅក្នុង​ទីលាន ។​

​លោក ស្រី បង្ហាញ​គោលការណ៍​ដំណោះស្រាយ​របស់​ក្រុមហ៊ុន យ៉ាង​ដូច្នេះ​ថា  កាលពី​អំឡុង​ខែកក្កដា ឆ្នាំ​២០១៦ ( ឆ្នាំមុន )   ក្រុមហ៊ុន​បាន​ជូនដំណឹង​ជា​ផ្លូវការ​ដល់​អ្នក​រើស​ស​ម្រោម ដែល​កាលណោះ​មាន​គ្នា​ប្រមាណ​តែ ១០០​នាក់  អំពី​ការហាមឃាត់​ចូល​ទីលាន ដែល​ជា​កម្មសិទ្ធិ​ឯកជន របស់​ក្រុមហ៊ុន ហើយ​ក្រុមហ៊ុន​បាន​ផ្ដល់​ឱកាស​ឲ្យ​ពួកគាត់​ចូល​ធ្វើការ​នៅ​ក្នុង​ក្រុមហ៊ុន ដោយ​ផ្តល់​ប្រាក់ខែ ចាប់ពី​១២០​ទៅ​១៦០​ដុល្លារ​អាមេរិក នឹង​ក្រុមហ៊ុន​ទទួលបន្ទុក​ផ្ដល់​អាហារ​ហូប​ចុក ការ​ស្នាក់ នៅ និង​ការធ្វើដំណើរ ទៀតផង ប៉ុន្តែ​គោលការណ៍​នេះ ត្រូវ​បរាជ័យ រហូតដល់​ពេល​នេះ ។​

​លោក ភូ សំអាត អភិបាល​ស្រុក​ប្រាសាទបាគង បង្ហាញ​ហេតុផល​នេះ ក្រោយពេល​ដែល​ធ្វើ​សំណូមពរ​ឲ្យ ក្រុមហ៊ុន​ហ្កា​.​អ៊ី​.​យ៉ា ចាក់​បើក​សោរ​របង​នៅ​ទៅ​តាំង​ចាក់សម្រាម​មិនបាន​សម្រេច  ក៏​ត្រូវបាន​អាជ្ញាធរ​ខេត្ត សុំឲ្យ កម្លាំង​សមត្ថកិច្ច អាជ្ញាធរ​ស្រុក និង ប្រជាពលរដ្ឋ ធ្វើការ​វាយ​សោរ​បើក​ឲ្យ​ប្រជាពរដ្ឋ​ចូល​រើស​កាកសំណល់​នៅក្នុង គំនរ​សម្រាម ហើយ​ប្រជាពលរដ្ឋ​ក៏​ត្រូវតែ​បើកផ្លូវ​ឡើងវិញ ឲ្យ​រថយន្ត​ដឹក​ជញ្ជូន​សម្រាម​របស់​ក្រុមហ៊ុន​ចូល​ចាក់ ដើម្បី កុំ​ឲ្យ​ខុស​ពី​អាជ្ញាធរ និង ប្រជាពលរដ្ឋ ហើយ​បើ​សម្រាម​ក្នុង​ក្រុង​មាន​ការកកស្ទះ គ្មាន​រថយន្ត​ដឹក​ជញ្ជូន នោះ​គឺជា​បញ្ហា របស់​ក្រុមហ៊ុន ។

​លោក​បាន​បន្តទៀតថា កន្លងមក​ក្រុមហ៊ុន ក៏​បាន​ធ្វើ​ការផ្សព្វផ្សាយ​ដល់​ពួកគាត់​ផងដែរ ដោយ​ឲ្យ បងប្អូន​អ្នក​រើស​សម្រាម​ទីនេះ ឲ្យមាន​ការងារ​ធ្វើ​ក្នុង​ការងារ​ប្រមូលស​ម្រាម  តែ​បងប្អូន​ប្រជាពលរដ្ឋ​លើកឡើងថា កាលណា​ពួកគាត់​ទទួល​ប្រាក់ខែ​ពី​គេ ត្រូវ​បំពេញ​ការងារ​ឲ្យគេ​ពេញ​ម៉ោង  ដែល​ធ្វើឲ្យ​ប៉ះពាល់​នូវ​ផល​មុខ​របរពួក​គាត់ នៅតាម​ផ្ទះ សំខាន់​ការងារ​បង្កបង្កើនផល និង ការ​ចិញ្ចឹមសត្វ ។ ម្យ៉ាងទៀត​ការ​រើស​សម្រាម​នេះ ជា​ការងារ​រួមផ្សំ ក្រៅ ពី​ការងារ​បង្កបង្កើនផល ហើយ​គោលការណ៍​របស់​ពួកគាត់ គឺ​ពេលទំនេរ​ទៅ​រើស ដែល​ធ្វើឲ្យ​ពួកគាត់​មិន​អាច​ទទួល បាន​ទៅ​តាម​គោលការណ៍​របស់​ក្រុមហ៊ុន​ឡើយ ។​

​តាម​ការបញ្ជាក់​របស់​តំណាង​ក្រុម​ប្រជាពលរដ្ឋ​អ្នក​រើស​សម្រាម ដែល​បិទផ្លូវ​រារាំង​ការដឹក​ជញ្ជូន​សម្រាម​នោះ បាន​បង្ហាញ​អំពី​ការទាមទា​របស់​ខ្លួន ដោយ​បាន​លើក​ពី​មូលហេតុ​មួយចំនួន គឺ​មិន​អាច​ទទួលយក​នូវ​គោលការណ៍ របស់​ក្រុមហ៊ុន​ហ្កា​.​អ៊ី​.​យ៉ា ពីព្រោះ​ការងារ​រើស​សម្រាម​នេះ ជា​ការងារ​បន្ទាប់បន្សំ​របស់​ពួកគាត់​ក្រៅពី​ការងារ​បង្កបង្កើន ផល ការងារ​ផ្ទះ​របស់​ពួកគាត់ ។  ចំពោះ​បញ្ហា​ពី​ផលប៉ះពាល់​សុខភាព និង គ្រោះថ្នាក់​ផ្សេងៗ​កើតឡើង​នោះ ពួកគាត់ ជា​អ្នកទទួលខុសត្រូវ ដោយ​មិន​ដាក់បន្ទុក​ទៅ​ក្រុមហ៊ុន​ឡើយ ។​

​នៅ​រសៀល​ថ្ងៃ​ដដែល​នោះ តាមរយៈ​នៃ​ការឆ្លើយ​ឆ្លង​តាម​ទូរស័ព្ទ ជាមួយ​លោក លី សំរិទ្ធ អភិបាលរង​ខេត្ត និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប បានបញ្ជាក់​ដូច​អ្វី​ដែល​លោក ភូ សំអាត បានលើកឡើង​ពី​ខាងដើម ។ ក្នុងនោះ អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​សៀមរាប សង្កត់ធ្ងន់​ថា  ដំណោះស្រាយ​ត្រូវបាន​ថ្លឹងថ្លែង​ទម្ងន់​នៃ​ផលវិបាក  ទីក្រុង​ទេសចរ វប្បធម៌​ប្រវត្តិសាស្ត្រ​នៃ​កម្ពុជា  មិន​អាច​ផ្តល់​ឲ្យ​បញ្ហា​គំនរ​សម្រាម បំផ្លិចបំផ្លាញ​បរិស្ថាន អនាម័យ ជះ​ឥទ្ធិពល​មិនល្អ​ដល់​អារម្មណ៍​ភ្ញៀវ​នោះ​បាន​ឡើយ  ព្រោះថា​ក្នុង​១​ថ្ងៃ សម្រាម​ដែល​ត្រូវ​ដឹក​ជញ្ជូន​ចេញពី​ក្រុង​សៀមរាប ក្នុង​បរិមាណ​ប្រហែលជា ២៧០ តោន ។

​លោក​ក៏​បញ្ជាក់ថា បើ​ទោះជា​បញ្ហា​នេះ​នៅ​មាន​សេសសល់ សម្រាប់​ការសម្របសម្រួល​គ្នា​បន្ត​ទៀត​ក៏​ដោយ​សិទ្ធិ​អ្នក​រើស​សម្រាម​ត្រូវ​បាន​អនុវត្ត​ដូច​ធម្មតា​សិន  ដើម្បី​បាន​ក្រុមហ៊ុន​ហ្គា​.​អ៊ី​.​យ៉ា ប្រមូល​ដឹក​ជញ្ជូន​សម្រាម​សំអាត​ក្រុង ដឹក​ជញ្ជូន​សម្រាម​ចេញពី​ទីក្រុង ធានា​អនាម័យ បរិស្ថាន និង សោភ័ណភាព​ដូច​មុន ៕
​ដោយ លុច​ណា​ម​

 

Filed in: ខេត្តសៀមរាប

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.