​ម៉ូតូ​ពី​រគ្រឿង​ព្រលះ​គ្នា មនុស្ស​បី​នាក់​របួសធ្ងន់​ដេក​ក្នុង​ថ្លុកឈាម សល់​តែ​ដង្ហើមចង្រិត​

កំពត ៖ ការបើកបរ​មិន​គោរព​ច្បាប់ ឬ​បើកបរ​ក្នុងស្ដានភាព​ប្រជែង ពិតជា​ផ្តល់​មក​វិញ​នូវ​ភាព​សោកសង្រេង​ជៀស​មិន​ផុត​ឡើយ​។​យ៉ាងណាមិញ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​ម៉ូតូ ដែល​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​៤៥​នាទី​យប់ ថ្ងៃទី​២៣​ខែ​សីហា ឆ្នាំ​២០១៧ ស្ថិតក្នុង​ភូមិ​ប្រា​ល ឃុំ​តានី ស្រុក​អង្គរជ័យ ខេត្ត​កំពត លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១​នោះ ពិតជា​បាន​ធ្វើឲ្យ​មនុស្ស​បី​នាក់​រងរបួ​ស​យ៉ាងតំណំ គឺ​សល់​តែ​ដង្ហើមចង្រិត​ប៉ុណ្ណោះ ហើយ​អ្នក​ណា​ខុស​ឬ​ត្រូវ​ពុំទាន់​ដឹង​ទេ​ព្រោះ​តែ​អ្នក​ទាំង​បី ស្ថិតក្នុង​ស្ថានភាព​យ៉ាប់​បំផុត​។​

​បើ​តាម​សេចក្តីរាយការណ៍​ពី​សមត្ថកិច្ច​ក្នុង​តំបន់ បានឲ្យដឹងថា កាលពី​វេលា​ដូចខាងលើ មាន​ម៉ូតូ​ពីរ​គ្រឿង បើកបរ​សុទ្ធតែ​ប្រើ​ល្បឿនខ្លាំង​ដូចគ្នា មួយគ្រឿង​ម៉ាក​C125​និង​មួយ​គ្រឿង​ទៀត ម៉ាក​Smash V ដោយ​ម៉ូតូ​២​គ្រឿង​នេះ​មាន​អ្នក​ជិះ​៣​នាក់ សុទ្ធតែ​ប្រុសៗ ស្រាប់តែ​មក​ដល់​ចំណុចកើតហេតុ ម៉ូតូ​ទាំង​២​ក៏​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​លាន់​ឮ​សូរ​ដូច​រន្ទះបាញ់​៨​ទិស ដោយ​ខណៈ​នោះ​ភាគី​ទាំង​សងខាង​បាន​ដេក​ដួល​រដូករណែល​ក្នុង​ថ្លុកឈាម​ពេញ​ទ្រូងផ្លូវ ម្នាក់ៗ​សល់​តែ​ដង្ហើមចង្រិត ពោល​គឺ​សន្លប់​ស្តូក​ទាំង​បី​នាក់​តែ​ម្តង​។​

​ប្រភព​ពី​សមត្ថកិច្ច​ដ​ដែល​បានបញ្ជាក់​ថា ក្នុងចំណោម​ជនរងគ្រោះ​ទាំង​បី​នាក់ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ស្គាល់​ឈ្មោះ​តែ​ម្នាក់​ប៉ុណ្ណោះ គឺ​អ្នក​បើក​ម៉ូតូ​ម៉ាក​C125​សេរី​២០១០​គ្មាន​ស្លាក​លេខ ឈ្មោះ សាម ស៊ុង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ភូមិ​ប្រក​សៀម ឃុំ​ឧត្តម​សូរិយា ស្រុក​ត្រាំកក់ ខេត្តតាកែវ​។​ចំណែក​ជនរងគ្រោះ​ពីរ​នាក់​ទៀត ដែល​ជិះ​ម៉ូតូ​Smash V ពាក់​ស្លាក​លេខ កំពត​1G-5071​អត់​ស្គាល់​អត្តសញ្ញាណ​ទេ​ដោយសារ​គាត់​សន្លប់​ឈឹង​ទៅហើយ​។​ប៉ូលិស​និយាយ​ទៀត​ថា នេះ​ជា​គ្រោះថ្នាក់​ផ្តើម​ដោយសារ​ការបើកបរ​មិន​គោរព​ច្បាប់ មិនចេះ​យោគយល់​គ្នា និង​ការប្រើ​ល្បឿន​លើស​កំណត់ ទើប​ងាយ​ប្រឈម​នឹង​គ្រោះថ្នាក់​បែប​នេះ​។​

​យោងតាម​ប្រភព​ដាច់​ដោយឡែក​បានឲ្យដឹងថា មុន​ពេល​ជួប​ហេតុការណ៍​ដ៏​អាក្រក់​នេះ គេ​ឃើញ​អ្នកជិះ​ម៉ូតូ​C125​ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​គួរឲ្យខ្លាច លុះ​មកដល់​ចំណុច​គ្រោះថ្នាក់ ក៏​វាក់​អើ​ជាមួយ​ម៉ូតូ​Smash​ដែល​ជិះ​គ្នា​ពីរ​នាក់​សុទ្ធ​តែ​ជិះ​លឿន​ដូចគ្នា​ក្នុង​ទិសដៅ​បញ្ច្រាស់ ស្រាប់តែ​មិន​ដឹង​យ៉ាងម៉េច ក៏​រេ​ចង្កូត​ចូល​គ្នា​រួច​ព្រលះ​គ្នា​ប្រាវ​បណ្តាលឲ្យ​ដេក​សន្លប់​ឈឹង​ក្នុង​ថ្លុកឈាម សល់​តែ​ដង្ហើមចង្រិត​ទាំង​បី​នាក់​បែបនេះ​ទៅ ។​

​បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ខាងលើនេះ នគរបាល​ស្រុក​ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​ដឹក​ជនរងគ្រោះ​ទាំង​បី​នាក់ ទៅ​សង្គ្រោះបន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តតាកែវ​ភ្លាមៗ ។​

​ដោយឡែក ម៉ូតូ​ទាំង​ពីរ​គ្រឿង សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរជ័យ​សម្រាប់​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕
​ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 8215 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.