បាត់​ម្តាយ​មួយ​យប់​ខំ​ដើររក បែរ​ជា​ប្រទះឃើញ​ស្លាប់​ក្នុង​គុម្ព​ឫស្សី សង្ស័យ​កើត​ជំងឺ​ខ្យល់គរ​

កំពត ៖ សព​ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​សាច់ញាតិ ប្រទះឃើញ​ស្លាប់​ផ្អែក​នឹង​ដើម​ឫស្សី​ចំណុច​ភូមិ​ចាស់​មួយ​កន្លែង ក្នុង​ភូមិ​ព្រែក​អម្ពិល ឃុំ​កោះ​តូច ស្រុក​ទឹកឈូ ខេត្ត​កំពត កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល ថ្ងៃទី​១៨​ខែ​សីហា ឆ្នាំ​២០១៧ ហើយ​ការប្រទះឃើញ​នេះ ក្រោយ​ពី​បាត់​ស្ត្រី​រងគ្រោះ​មួយ​យប់ មិនឃើញ​មក​ផ្ទះ​ទើប​កូនចៅ​ដើររក​ស្រាប់តែ​ឃើញ​ម្តាយ​ស្លាប់​បាត់​ទៅ​ហើយ ដោយ​សង្ស័យ​គាត់​មក​ជីក​ទំពាំង​រួច​ងងឹតមុខ​ខ្យល់គរ​គ្មាន​អ្នកណា​ជួយ​ទាន់​។​

​ចំពោះ​ករណី​ប្រទះ​សព​ស្លាប់​ក្នុង​គុម្ព​ឫស្សី​នេះដែរ អ្នកភូមិ​និយាយថា ស្ត្រី​ចំណាស់​រងគ្រោះ ពេល​បាត់​ពី​ផ្ទះ​នោះ កូន ចៅ​ក៏​មិន​បាន​ដឹង​ថា​គាត់​ទៅ​រក​ជីក​ទំពាំង​បែបនេះ​ទេ ដោយ​ស្មានថា ស្ត្រី​រងគ្រោះ​ជា​ម្តាយ​ទៅលេង​ផ្ទះ កូន ក្មួយ​នៅក្បែរនោះ ប៉ុន្តែ​ពេល​ទូរស័ព្ទ​សួររក​មិនឃើញ ទើប​ហៅ​គ្នីគ្នា​ដើរ​ស្វែងរក​តាម​ព្រៃ​ក្បែរៗ​ផ្ទះ ទីបំផុត​ក៏​ឃើញ​ស្លាប់​ដេក​ផ្អែក​ដើម​ឫស្សី ដោយ​មាន​ទំពាំង​នៅក្បែរ​សព​ចំនួន​៤​ដើម​ទៀត​ផង​។​

​សមត្ថកិច្ច​មូលដ្ឋាន​បានឲ្យដឹងថា ស្ត្រី​រងគ្រោះ​មាន​ឈ្មោះ ប្រាក់ ណាត អាយុ​៦៥​ឆ្នាំ មាន​ទីលំនៅ​ស្ថិត​កន្លែងកើតហេតុ​ខាងលើ ដោយ​ការប្រទះឃើញ​សព​នេះ បន្ទាប់ពី​ស្ត្រី​រងគ្រោះ​ដើររក​ជីក​ទំពាំង​នៅក្នុង​ភូមិ​ចាស់ កាលពី​ល្ងាច​ថ្ងៃទី​១៧​ខែ​សីហា ឆ្នាំ​២០១៧ ហើយ​បាត់​ខ្លួន​រហូត ទើប​កូនចៅ​និង​អ្នកជិតខាង​ដើរ​ស្វែងរក​អស់​រយៈពេល​មួយ​យប់​មួយ​ថ្ងៃ ទីបំផុត​ក៏​ប្រទះឃើញ​ស្លាប់​ផ្អែក​នឹង​គុម្ព​ឫស្សី ចំងាយ​ពី​ផ្ទះ​ប្រហែល​៣០០​ម៉ែត្រ​ដោយ​មាន​សត្វ​អង្ក្រង​រោម​ពេញ ទើប​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​មក​ពិនិត្យ​ភ្លាមៗ​តែម្តង​។​

​ពាក់ព័ន្ធ​នឹង​ករណី​ប្រទះ​ឃើញ​សព​ស្ត្រី​ចំណាស់​ស្លាប់​ក្នុង​គុម្ព​ឫស្សី​ខាងលើ សមត្ថកិច្ច​ជំនាញ​វិទ្យាសាស្ត្រ ខេត្ត ក៏​បាន​មក​ពិនិត្យ​ធ្វើ​កោសល្យវិច្ច័​យគឺ​សព​ពុំ​មាន​ស្លាកស្នាម​គួរឲ្យ​កត់សម្គាល់​ឡើយ គឺ​ស្ត្រី​រងគ្រោះ​សង្ស័យ​ពេល​ជីក​ទំពាំង​ម្នាក់ឯង ក៏​វិលមុខ​បណ្តាល​ឲ្យ​ខ្យល់គរ គ្មាន​អ្នកណា​ដឹង ទើប​ដាច់ខ្យល់​ស្លាប់​បែបនេះ​។​

​សព​ក្រោយពី​ពិនិត្យ​រួចរាល់ សមត្ថកិច្ច​ក៏​បាន​ប្រគល់​ជូន​កូន ចៅ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕
​ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!