​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ក្នុង​ស្រុក​បន្ទាយ​មាស​និង​ស្រុក​កំពង់ត្រាច​

កំពត ៖ នៅ​ព្រឹក​ថ្ងៃទី​១២​ខែ​សីហា ឆ្នាំ​២០១៧​នេះ លោក​បណ្ឌិត ប៉ែន ស៊ីម៉ន ទេសរដ្ឋមន្ត្រី ទីប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​អនុប្រធាន​ក្រុមទី​១​ក្រុមការងារ​ថ្នាក់កណ្តាល គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ជួយ​ខេត្ត​កំពត បាន​ធ្វើ​ពិធី​សំណេះសំណាល​ជាមួយ​សិស្សានុសិស្ស​ថ្នាក់​ទី​១២ ក្នុង​ឆ្នាំ​សិក្សា​២០១៦-២០១៧ នៃ​ស្រុក​បន្ទាយមាស និង​ស្រុក​កំពង់ត្រាច​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តឡើង នៅក្នុង​បរិវេណ​វិទ្យាល័យ​ទូក​មាស ក្នុង​ឃុំ​ទូក​មាស​ខាងលិច ស្រុក​បន្ទាយមាស ខេត្ត​កំពត ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធ​គ្រប់​អង្គភាព លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ដែល​ត្រៀមប្រឡង​យក​សញ្ញាបត្រ​ទុតិយភូមិ​(​បាក់​ឌុប​)​ចូលរួម​ចំនួន​១១៣៦​នាក់​ផង​ដែរ​។​

​ក្នុងឱកាស​សំណេះសំណាល​នេះ លោក​បណ្ឌិត ប៉ែន ស៊ីម៉ន បាន​ពាំនាំ​នូវ​ពាក្យពេជន៍​ដ៏​ល្អៗ សម្រាប់​ឲ្យ​សិស្ស​យក​ទៅ​សិក្សា អនុវត្តន៍​ប្រកបដោយ​ការយល់ដឹង​ខ្ពស់ ពិសេស​សិស្ស​ត្រៀមប្រឡង​សញ្ញាបត្រ​ទុតិយភូមិ​(​បាក់​ឌុប​)​ដែល​នឹង​ឈាន​ចូល​មក​ដល់​នៅ​ថ្ងៃទី​២១​ខែ​សីហា ឆ្នាំ​២០១៧​ខាងមុខ​។ លោក បណ្ឌិត​ក៏បាន​ក្រើនរំលឹក ដល់​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ឲ្យ​ខិតខំ​ប្រឹង​ប្រែង​រៀនសូត្រ​ក្រេប​យក​ចំណេះវិជ្ជា​និង​ស្តាប់​ពាក្យ​ប្រៀនប្រដៅ​របស់​លោកគ្រូ អ្នកគ្រូ ដើម្បីឲ្យ​ក្លាយជា​សិស្ស​ល្អ សិស្ស​គម្រូ សិស្ស​ឆ្នើម ព្រោះ​ក្នុង​ថ្ងៃ​អនាគត វាសនា​ប្រទេសជាតិ​ត្រូវ​ពឺងផ្អែក​ទាំងស្រុង លើ​ស្រទាប់​យុវជន​ដែល​ជា​ទំពាំង​ស្នង​ឫស្សី​នេះហើយ​។​លោក​បណ្ឌិត បាន​គូសបញ្ជាក់​ដោយ​សន្យាថា នឹង​ផ្តួចផ្តើម​ទំនុកបំរុង​ដល់​សិស្ស​ប្រឡង បាក់​ឌុប​ដែល​ជាប់​ចំណាត់ថ្នាក់​(​និទ្ទេស​A)​ដោយ​បាន​ត្រៀម​រង្វាន់​រួចជាស្រេច សម្រាប់​ជា​ការលើកទឹកចិត្ត​។​ដូច្នេះ​សូម​ក្មួយៗ​ខិតខំ​ប្រជែង​យក​ជ័យជំនះ​ឲ្យបាន​គ្រប់ៗ​គ្នា ដើម្បី​លើក​កិត្តិយស​ខេត្តកំពត​យើង​។​

​បន្ទាប់​ពី​សំណេះសំណាល លោក​បណ្ឌិត ប៉ែន ស៊ីម៉ន ក៏​បាន​ឧបត្ថម្ភ​ថវិកា​ដល់​លោកគ្រូ អ្នកគ្រូ ក្នុង​ស្រុក​បន្ទាយមាស និង​ស្រុក​កំពង់ត្រាច ចំនួន​៦៣​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ច​វិកា ១០០.០០០​រៀល​។​ដោយឡែក​សិស្សានុសិស្ស​ចំនួន ១១៣៦​នាក់ ក៏​ត្រូវបាន​ទទួល​នូវ​ថវិកា​ម្នាក់ៗ​ចំនួន ៥០.០០០​រៀល​ផង​ដែរ​។​/ ណា​រិទ្ធ

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!