ព្រែក​ត្រើយ​កោះ​កំពុង​រង​ការចាក់​ដី​ទន្ទ្រាន​ពី​ជនខិលខូច តែ អាជ្ញាធរ​និង​ជំនាញ​ថា​មិនដឹង​

​កំពត ៖ ដៃ​ព្រែក​កំពង់បាយ​ដែល​បែក​ចេញ​ទៅ​កាន់​វត្ត​ត្រើយ​កោះ​ដែល​មានឈ្មោះ​ថា​(​ព្រែក​ត្រើយ​កោះ​) ស្ថិតក្នុង​ភូមិ​ទ្វី​ខាងត្បូង សង្កាត់​អណ្តូង​ខ្មែរ ក្រុង​-​ខេត្ត​កំពត​នោះ ស្រាប់តែ នៅ​ពេល​ថ្មីៗ​នេះ​ត្រូវបាន​គេ​ចាក់​ដី​លុប ហើយ​រៀប​ខឿន​សង់​ជា​សំណង់​យ៉ាង​អនាធិបតេយ្យ ដោយ​គ្មាន​ឃើញ​មន្ត្រី​ជំនាញ​ឬ អាជ្ញាធរ​ក្នុង​តំបន់​មាន​វិធានការ​ទប់ស្កាត់​នៅលើ​យ​។​

​ចំពោះ​ការចាក់ដី​លុប​ព្រែក​ពី​សំណាក់​ជន​មិន​ខ្លាច​ច្បាប់​ខាងលើ​ត្រូវបាន​មហាជន​ភាគច្រើន ក្នុង​ក្រុង​កំពត​ធ្វើ​ការរិះគន់​មក​លើ​មន្ត្រី​ជំនាញ​ភូមិបាល និង​សំណង់​ក្រុង​ព្រមទាំង​អាជ្ញាធរ​ក្រុង​ផងដែរ ដោយ​ពួកគាត់​លើកឡើងថា បើ​សមត្ថកិច្ច​ជា​មន្ត្រី​ជំនាញ ឬ​អាជ្ញាធរ​មិន​បើកភ្លើង​ខៀវ​នោះទេ ប្រហែល​ជា​ពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​នេះ មិន​ហ៊ាន​ចាក់​ដី​រំលោភ​នោះទេ ព្រោះថា​ចំណុច​នេះ​ជា​ដៃ​ព្រែក​កំពង់បាយ ហើយក៏​ជា​ដែន​គ្រប់គ្រង​របស់​អាជ្ញាធរ​ក្នុង​តំបន់​ផងដែរ​។

​ទោះជា​យ៉ាងណា​លោក ចែម ផា អភិបាលរងក្រុង​ទទួលបន្ទុក​លើ​កិច្ចការ​ដីធ្លី បាន​បង្ហើប​ប្រាប់ អ្នកយក​ព័ត៌មាន នៅ​ព្រឹក​ថ្ងៃទី​០៣​ខែ​សីហា ឆ្នាំ​២០១៧​នេះ​ថា លោក​ពុំ​ទាន់​បានដឹង​ពី​បញ្ហា​ដូច​ខាងលើ​នៅឡើយ​ទេ ដោយសារ​លោក​ជាប់រវល់​ទៅ​ប្រជុំ​នៅ​ភ្នំពេញ លុះ​ពេល​ត្រឡប់​មកវិញ​ក៏​លេចឮ​មាន​ករណីបែបនេះ​តែម្តង​។​ដោយឡែក នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ អ្នកយក​ព័ត៌មាន ពុំ​អាច​សុំ​ការពន្យល់​ពី​លោក បេង សំណាង ប្រធាន​ការិយាល័យ​ភូមិបាល​និង​សំណង់ ក្រុង​កំពត បាន​ទេ​ដោយសារ​លោក​មិន​ទទួល​ទូរស័ព្ទ​។​

​ជុំវិញ​នឹង​ករណី​ខាងលើ នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ អ្នកយក​ព័ត៌មាន​មិន​អាច​សុំ​ការបកស្រាយ​ណាមួយ ពី​លោក ស៊ុយ ធា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពត​បាន​ឡើយ ដោយសារ​ទូរស័ព្ទ​របស់លោក ស្ថិតនៅ​តំបន់​ក្រៅ​សេវា​។​

​ទាក់ទិន​នឹង​រឿងរ៉ាវ​ដដែល​នេះ​ដែរ លោក​លាង រឿន​សុធី អភិបាលក្រុង​កំពត បាន​ប្រាប់​អ្នកកាសែត តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃទី​០៣​ខែ​សីហា ឆ្នាំ​២០១៧​នេះ​ថា ប៉ុន្មាន​ថ្ងៃមុន​លោក​ជាប់រវល់​ទៅ​សិក្ខាសាលា​នៅ​ភ្នំពេញ ទើប​លោក​មិន​បានដឹង រឿងរ៉ាវ​ទាំងនេះ ប៉ុន្តែ​បើ​មាន​ករណី​ចាក់​ដី​រំលោភ​ដី​ដៃ​ព្រែក​កំពង់បាយ​មែន​នោះ លោក​នឹង​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ចុះ​ត្រួតពិនិត្យ ពី​ទំហំ​ប៉ះពាល់​នៃ​ដី​ទីតាំង​ខាងលើ ហើយ​បើ​គ្មាន​ច្បាប់ទម្លាប់​ត្រឹមត្រូវ​នោះ​ទេ​នឹង​ឲ្យ​ជំនាញ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​មិន​ខាន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ការចាក់ដី​រំលោភ​យក​ដៃ​ព្រែក​កំពង់បាយ​នេះ វា​ពិតជា​បាន​កើតឡើង​ត្រង់ចំណុច​ទីប្រជុំជន ហើយ​ក៏​ស្ថិត​ក្បែរ​ដងផ្លូវ​សាធារណៈ ដែល​ជានិច្ចកាល​មហាជន​តែងតែ​ធ្វើ​ដំណើរ​ទៅ​មក​មិន​ដែល​ខកខាន ចុះ​ហេតុអ្វី​ក៏​ប្រជាពលរដ្ឋ​ក្នុង​តំបន់​នោះ ថ្លើមធំ​ហ៊ាន​ជួល​រថយន្ត​ដឹក​ដី​ចាក់​រាប់រយ​ឡាន​មកចាក់​ក្នុង​ដៃ​ព្រែក​បែបនេះ​។​ដូច្នេះ​រឿងរ៉ាវ​ខាងលើ​គួរតែ​អាជ្ញាធរ​និង​ជំនាញ​ស្រាវជ្រាវ​ឲ្យបាន​ហ្មត់ចត់ និង​បង្កា​ទប់ស្កាត់​ឲ្យបាន​ទាន់ពេ​ល​វេលា ទើប​អាច​បញ្ចៀស​ការរិះគន់​បាន​៕ ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!