ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ជាមួយ​នឹង​គ្រឿងញៀន​៥៣​កញ្ចប់ ក្នុង​ឃុំ​ឫស្សី​ស្រុក​ខាងលិច​

​កំពត ៖ ជនសង្ស័យ​បី​នាក់​រួម​នឹង​គ្រឿងញៀន​ចំនួន​៥៣​កញ្ចប់ ត្រូវបាន​កំលាំង​កងរាជអាវុធហត្ថ​ខេត្ត​កំពត ធ្វើការ​បង្ក្រាប កាលពី​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ ត្រង់ចំណុច ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​ទាក់ទិន​នឹង​ប្រតិ​ប​តិ្ត​ការ​ខាង​លើ លោក​វរសេនីយ៍ទោ ហែម ចាន់​ដា​រ៉ា មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​កំពត បានឲ្យដឹងថា ការបង្ក្រាប​បទល្មើស​គ្រឿងញៀន​ទទួលបាន​ជោគជ័យ​នេះ គឺ​ដោយ​អនុវត្តន៍​តាម​ការបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពត ព្រមទាំង​មាន​ការសម្របសម្រួល​នីតិវិធី​ពី​លោក មុត ដា​រ៉ា ព្រះ​អាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​កំពត​ផងដែរ​។​ជាមួយ​នឹង​ករណី​បង្ក្រាប​គ្រឿងញៀន​ខាងលើនេះ លោក​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​បី​នាក់​ត្រូវ​កំលាំង​សមត្ថកិច្ច​អាវុធហត្ថ​ក្របួច​បាន​ជា​បន្តបន្ទាប់​រួមមាន​៖ ទី​១.​ឈ្មោះ ហ៊ុន លី ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជា​បុគ្គលិក​កា​សី​ុ​ណូមួយ​ក្នុង​តំបន់​ច្រកទ្វារ​អន្តរជា​តិ​ព្រែក​ចាក ដកហូត​ថ្នាំញៀន​បាន​មួយកញ្ចប់ ទី​២.​ឈ្មោះ សៀវ ចន្ថា ភេទ​ស្រី អាយុ​៤៦​ឆ្នាំ មុខរបរ​លក់​ត្រី ដកហូត​ថ្នាំញៀន​បាន​៤​កញ្ចប់ និង​ទី​៣.​ឈ្មោះ អ៊ុក ភា ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ ដកហូត​ថ្នាំញៀន​បាន​ចំនួន​៤៨​កញ្ចប់​។​ទាំង​បី​នាក់​រស់នៅ​ក្នុង​ភូមិ​ថ្កូវ ឃុំ​ឫស្សីស្រុក​ខាងលិច ស្រុក​កំពង់ត្រាច ខេត្ត​កំពត​។​

​លោក ហែម ចាន់​ដា​រ៉ា បាន​បន្ថែមថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​លោក​មេបញ្ជាកា​រ​កងរាជអាវុធហត្ថ​ខេត្ត ដែល​បាន​ដាក់​ទិសដៅ​និង​បញ្ជាក់​មុខសញ្ញា​បានច្បាស់លាស់​ទើប​លោក​ដឹកនាំ​កំលាំង​ចុះ​ទៅ​បង្ក្រាប​ចំ​គោលដៅ​តែម្តង​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​បី​នាក់ រួមជាមួយ​វត្ថុតាង​ថ្នាំញៀន​ចំនួន​៥៣​កញ្ចប់ ត្រូវបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពត ចាត់ការ​តាម​នីតិវិធី ៕
​ណា​រិទ្ធ​

 

Filed in: ខេត្តកំពត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!