កាំភ្លើង​ត្បាល់ និង​គ្រាប់​រ៉ុក្កែត​ដែល​ថៃ​ចាប់បាន ថា​ទិញ​ពី​ភាគី​ខ្មែរ​

ប្រទេស​ថៃ ៖ កាំភ្លើង​ត្បាល់ ធុន​ធ្ងន់  និង​គ្រាប់​រ៉ុក្កែត​មួយចំនួន ដែល​ក្រុម​តម្រួត​ថៃ​ចាប់បាន​នៅ​ក្នុង​ខេត្ត​ស្រះកែវ  ត្រូវ​បាន​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា បាន​យក​ពី​ខាង ទឹកដី​កម្ពុជា  ដោយ​ភាគី​ខ្មែរ​ជា​អ្នក​ផ្តល់​អោយ  ខណៈ​ដែល​ជនសង្ស័យ​ចំនួន​៥​នាក់​បាន​ធ្វើ​ការដឹកជញ្ជូន​អាវុធ  និង​គ្រាប់រំសេវ​ទាំងនេះ  ចេញពី​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា ថៃ ចូលទៅ​ក្នុង​ប្រទេស​ថៃ  ដោយ​បាន​ឆ្លងកាត់​ខេត្ត​ស្រះកែវ  ក៏​ត្រូវ​កំលាំង​ស្ទាក់​ចាប់​តែ​ម្តង ។​

​យោងតាម​របាយការណ៍​ដែល​យើង​ទទួល​បាន​គឺ​នៅវេលា​ម៉ោង ០០ និង​៣០ នាទី រំលង​អាធ្រា​ត  ឈាន​ចូល​យប់ ថ្ងៃទី ១៨  ខែកក្កដា  ឆ្នាំ​២០១៧  កំលាំង​ស្នងការដ្ឋាន​តម្រួត​ខេត្ត​ស្រះកែវ  បាន​ចុះ​សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន  ស្រុក​អារញ្ញ​ប្រាថេត​ ​និង​កំលាំង​អធិការដ្ឋាន  ស្រុក​មឿង​ស្រះកែវ  បាន​ចេញ​ប្រតិបត្តិការ  បន្ទាប់ពី​ទទួលបាន​ នូវ​សេចក្តីរាយការណ៍​ស្តីពី​ករណី​ជួញដូរ​អាវុធ​ខុសច្បាប់ ។​

​កិច្ច​ប្រតិបត្តិការ​នេះ​បាន​ធ្វើឡើង​នៅ​ត្រង់​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​មួយកន្លែង នៅលើ​ កំណាត់​ផ្លូវ​លេខ ៣៥៩  ក្នុងភូមិ​៧  ឃុំ​ស្រះ​ខ្វាន់  ស្រុក​មឿង​ស្រះកែវ  ខេត្ត​ស្រះកែវ​​ប្រទេស​ថៃ  ខណៈ​ដែល​រថយន្ត​របស់​មុខសញ្ញា​ចំនួន​៣​គ្រឿង  បាន​បង្ហាញខ្លួន នៅ កន្លែង​ស្ថានីយ៍​ប្រេងឥន្ធនៈ​ខាងលើនេះ ។  ក្រោយពេល​ធ្វើ​ការឡោមព័ទ្ធ​ពី​កំលាំង​តម្រួត​ថៃ  គឺ​ជនសង្ស័យ​ចំនួន​៥​នាក់  ត្រូវបាន​ចាប់ខ្លួន  ដែល​ពួកគេ​ទាំងនោះ​មាន​ឈ្មោះ ៖
១. ផា​ណា ឆៃ​គង់  ភេទ​ប្រុស  អាយុ​៣៨​ឆ្នាំ​
២. ប៊ុន​ថាំ ជ័យជំនះ  ភេទ​ប្រុស  អាយុ​៥២​ឆ្នាំ
៣. ខុម​សាន់ កិច្ច​ថា​វ៉ន​អាជីព  ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ
៤. ឧ​ទ័យ ជ័យជំនះ  ភេទ​ប្រុស  អាយុ​៤៨​ឆ្នាំ  និង​៥. មានជ័យ កាន់​ប្រៈសុំ ភេទ​ប្រុស  អាយុ​៣២​ឆ្នាំ ។

​នៅក្នុង​ពេល​ចាប់ខ្លួន​នោះ  សមត្ថកិច្ច​បាន​ឆែកឆេរ  និង​ធ្វើ​ការត្រួតពិនិត្យ​ទៅលើ​រថយន្ត​ទាំង​៣​គ្រឿង  គឺ​បាន​រកឃើញ​វត្ថុតាង​មួយ​ចំនួន  ដែល​សុទ្ធសឹងតែ​ជា​អាវុធ​ធុន​ធ្ងន់​ទាំងអស់ ដែល​ក្នុងនោះ​រួមមាន​៖ កាំភ្លើង​ផ្លោង​ធុន ៨២ មីល្លីម៉ែត្រ ចំនួន ២ ដើម  កាំភ្លើង​ផ្លោង ធុន ៨១ មីល្លីម៉ែត្រ  ចំនួន​១​ដើម  គ្រាប់ផ្លោង​ធុន ៨២ មីល្លីម៉ែត្រ  ចំនួន ៣ គ្រាប់ គ្រាប់​រ៉ុក្កែត​ដុត​ឆ្នួន ចំនួន ៣ ឈុត រថយន្ត ចំនួន ៣ គ្រឿង និង​ទូរស័ព្ទដៃ ចំនួន ៦ គ្រឿង ។​

​ជុំវិញ​ការជួញដូរ​អាវុធ​ខុសច្បាប់ របស់​ជនសង្ស័យ​ទាំង ៥ នាក់  ដែល​ផ្ទុយ​ពី​មាត្រា​ដែល បានចែង​ថា ហាម​នាំយក​អាវុធ គ្រាប់រំសេវ ទៅ​ធ្វើ​ចរាចរណ៍​លើ​ផ្លូវ​សាធារណៈ ដោយ​គ្មាន​ការអនុញ្ញាត នោះ  ត្រូវបាន​កំលាំង​តម្រួត​ចាត់​បញ្ជូន  រួម​ជាមួយនឹង​វត្ថុតាង  ទៅកាន់ ស្នងការ ខេត្ត​ស្រះកែវ ក្នុង​ការសាកសួរ​បន្ថែ​ម​ជុំវិញ​ការនាំ​អាវុធ​ដោយ​ខុសច្បាប់​នេះ ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់  និង​បន្ត​បើក​ការស្រាវជ្រាវ​ថា តើ​អាវុធ​ទាំងនេះ​យក​មក​ពី​ប្រភព​ណា  ហើយ​ពួកគេ​នាំយក​ទៅ​ណា អោយបាន​ច្បាស់ ៕

 

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.