ជាប់គុគ​មួយ​ហើយ​មិន​ទាន់​ប្រកាស​តែងតាំង​ផង ហ៊ាន​ក្លែង​ឯកសារ​សាធារណៈ ត្រូវ​ចាប់ខ្លួន​

បាត់ដំបង ៖ បុរស​វ័យ​ចំណាស់​ម្នាក់ ដែល​មកពី​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ បន្ទាប់​ពី​លទ្ធផល​នៃ​ការបោះឆ្នោត​ឃុំ​/​សង្កាត់​បាន​បញ្ជាក់ថា ក្នុង​ឃុំ​របស់​ខ្លួន គឺ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​សំឡេង​នាំមុខ​រួចមក ទើប​បុរស​នេះ​ហ៊ាន​ចុះហត្ថលេខា ដោយ​បាន​តាំងខ្លួន​ថា​ជា​មេ​ភូមិ​ថ្មី ដែល​នេះ​បើ​យោង​តាម​ផ្លូវច្បាប់​គឺជា​ករណី​ក្លែង​ឯកសារ​សាធារណៈ ដែល​អាច​ជាប់​ពន្ធនាគា​រ​ចាប់ពី​៥​ឆ្នាំ ដល់​១០​ឆ្នាំ​។​

​យោងតាម​ពាក្យបណ្តឹង​របស់​ឈ្មោះ រួម នាង ភេទ​ប្រុស អាយុ​៧៣​ឆ្នាំ រស់នៅ​ភូមិ​អន្លង់​ល្វា ឃុំ​វត្ត​តា​មិម ស្រុក​សង្កែ ខេត្ត​បាត់ដំបង ជា​មេភូមិ​អន្លង់​ល្វា តាំងពី​ឆ្នាំ​១៩៩៣​មកម្ល៉េះ បាន​បញ្ជាក់​ក្នុង​ពាក្យបណ្តឹង​ថា កាលពី​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០១៧ មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ឈួន សារិ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​ឃុំ​ខាងលើ​បាន​និយាយថា ខ្លួន​មានប្តី​ប្រមាណ​ជិត​១០​ឆ្នាំ​មកហើយ ដោយ​បាន​ទៅ​រស់នៅ​ជាមួយនឹង​ប្តី​ក្នុងស្រុក​កំរៀង ជាប់​ព្រំដែន​ថៃ ប៉ុន្តែ​ថ្មីៗ​នេះ​ខ្លួន​មាន​ជំងឺ​ក៏​បាន​ធ្វើដំណើរ​មក​ផ្ទះ​ឪពុក​នៅ​ឯ​ស្រុកកំណើត ព្រមទាំង​បាន​ទៅឲ្យ​ពេទ្យ​មណ្ឌល​សុខភា​ពជួយ​ព្យាបាល ប៉ុន្តែ​ដោយសារ​តែ​ខ្លួន​មាន​ជីវភាព​ខ្វះខាត​ខ្លាំងពេក ទើប​ខាង​គ្រូពេទ្យ​ប្រគល់​សៀវភៅ​មួយ​ក្បាល​ឲ្យ​យក​ទៅ​បំពេញ ដើម្បី​ឲ្យ​លោក​មេភូមិ​បញ្ជាក់ថា​ពិតជា​ជនក្រីក្រ​មែន​។​

​នៅពេល​នោះ​ដែរ នាង​ក៏​បាន​កាន់​យក​ទៅ​ផ្ទះ​មេភូមិ​ចាស់ ប៉ុន្តែ​ដោយសារ​តែ​លោក​មេភូមិ មិន​នៅ ហើយ​អ្នកភូមិ​ជិតខាង​ក៏​បាន​ចង្អុល​ថា ទៅ​ផ្ទះ​មេភូមិ​ថ្មី​ទៅ ព្រោះ​គេ​ទើប​ជាប់​ឆ្នោត រួច​ខ្លួន​ក៏​បាន​ដើរទៅ គឺ​នៅ​ពេល​នោះ​ហើយ​ដែល​លោក​មេ​ភូមិ​ថ្មី​បាន​សរសេរ​លើ​សៀវភៅ ដោយ​បាន​បញ្ជាក់ថា​នាង​ពិតជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ ហើយ​ពិត​ជា​ប្រជាពលរដ្ឋ​ក្រីក្រ​ពិតប្រាកដ​មែន ដោយ​លិខិត​នេះ​ចេញ​ឲ្យ​សាមីខ្លួ​នយក​ទៅ​ប្រើប្រាស់​តាម​ដែល​អាច​ប្រើ​ទៅបាន ព្រមទាំង​បាន​ចុះហត្ថលេខា​ថែមទៀត​ផង​។​

​ពាក់ព័ន្ធ​នឹង​ករណី​ក្លែង​ឯកសារ​សាធារណៈ​នេះ សមត្ថកិច្ច​ក៏​បាន​ចុះ​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​ខាងលើ យកមក​ធ្វើការ​សាកសួរ ព្រមទាំង​បាន​រៀបចំ​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់​៕

 

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!