ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល​ ៖ បញ្ជា​ឱ្យ​ស្រាវជ្រាវ​ករណី​មន្ត្រី​អន្តោប្រវេសន៍​ច្រកទ្វារ​ដូង វ៉ៃ​អ្នកស្រី ម៉ក់ វិច្ឆិកា ភ្នាក់ងារ​អ្នកកាសែត​នគរធំ​

ខេត្ត​បាត់ដំបង​ ៖ ករណី​ប្រើ​អំពើហិង្សា​វាយ​ស្ត្រី​ជា​ភ្នាក់ងារ​សារព័ត៌មាន​នគរធំ ប្រចាំ​ខេត្ត​បាត់ដំបង បណ្តាលឱ្យ​រងរបួស​បាន លេចឮ​ល្បី​សុសសាយ​ពេញ​ផ្ទៃ​ប្រទេស​រួចមក ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោ​ប្រ វេសន៍ បាន​បញ្ជាក់​ឱ្យដឹងថា ករណី​នេះ​លោក​កំពុង​ចាត់​មន្ត្រី​ឱ្យ​ចុះ​ស្រាវជ្រាវ​ហើយ ។​

​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល បាន​បញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​ថា លោក​បាន​ជ្រាប​ពី​រឿង​មន្ត្រី ប៉ូលិសអន្តោប្រវេសន៍​នៅ​ច្រក​ដូង​នោះ​ហើយ ហើយ​ពេលនេះ​លោក​បាន​បញ្ជា​មន្ត្រី​ឱ្យ​ចុះ​ស្រាវជ្រាវ​ជុំវិញ​ករណី​រឿងនេះ ។​

​គួរបញ្ជាក់​ថា អ្នកស្រី ម៉ក់ វិច្ឆិកា ភ្នាក់ងារ​កាសែត នគរ​ធំំ ប្រចាំ​ខេត្ត​បាត់ដំបង ត្រូវបាន​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍ មួយក្រុម មាន​គ្នា​ជិត ១០​នាក់ ដឹកនាំ​ដោយ​លោក ប្រាក់ សំ​ដា​រ៉ា ក្រោម​បញ្ជា​ពី​លោក សៅ ប៊ុន​រិទ្ធ ប្រធាន​នគរបាល​អន្តោ ប្រវេសន៍​នៅ​ច្រក​អន្តរជាតិ​ដូង បាន​ចាប់​បោក​ផ្តួល ជាន់ក​វ៉ៃ​យ៉ាង​ចាស់ដៃ នៅលើ​ថ្នល់​មាត់ច្រក​ព្រំដែបន កាលពី​ថ្ងៃ​ទី ១៨ ខែមិថុនា ឆ្នាំ​២០១៧ កន្លងទៅនេះ បន្ទាប់ពី​ស្ត្រី​ជា​ភ្នាក់ងារ​កាសែត​នគរធំ​រូបនេះ បាន​ព្យាយាម​ចុះ​ទៅ​សាកសួរ​យក​ព័ត៌មាន ទាក់ទង​ទៅនឹង​រឿង​ពុករលួយ ដែល​ពលរដ្ឋ​ចោទថា ប៉ូលិសអន្តោប្រវេសន៍​នៅ​ច្រក​ដូង បាន​សង្កត់ក​ជម្រិត​ទារប្រាក់​ពី​ប្រជា ពលរដ្ឋ​ខ្មែរ ដែល​ឆ្លង​ដែន​ចេញ​ទៅ​ប្រទេស​ថៃ តាម​ទំនើងចិត្ត ផ្ទុយ​ពី​ការកំណត់​ក្នុង​អនុក្រឹត្យា​ជ​រដ្ឋាភិបាល ដើម្បី​កើប​លុយ ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន ។​

​បន្ទាប់ពី​កើតមាន​ករណី​ហិង្សា​ខាងលើ បង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​ដល់​មហាជន ព្រមទាំង​ថ្នាក់ដឹកនាំ​ផង​នោះ កាលពី ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ​២០១៧ ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត បាន​ជួយ​ឧបត្ថម្ភ​ប្រាក់​ដល់​អ្នកស្រី ម៉ក់ វិច្ឆិកា ចំនួន ៥០០​ដុល្លារ តាមរយៈ​ឯកឧត្តម ខេង សុមេធ អគ្គស្នងការ​នគរបាល​ជាតិ និង​ត្រូវបាន​នាំយកមក​ប្រគល់​ឱ្យ​អ្នកស្រី ម៉ក់ វិច្ឆិកា ដោយ​លោក សូ ចាន់ណា​រី នៅ​ចំពោះមុខ​លោក គឹម ពន្លក អធិការនគរបាល​ស្រុក​កំរៀង​ផងដែរ ។​

​គួររំលឹកថា រឿងហេតុ​ដែល​ឈាន​ដល់​ប្រើ​អំពើហិង្សា​ខាងលើ គឺ​ផ្តើមចេញ​ពី​ការ​ខ្សឹប​ប្រាប់​របស់​ប្រជាពលរដ្ឋ​ខេត្ត​បាត់ ដំបង​ថា ច្រកទ្វារ​អន្តរជាតិ​ដូង ដែល​ស្ថិតិ​ក្រោម​ការគ្រប់គ្រង​របស់​លោក សៅ ប៊ុន​រិទ្ធ កំពុង​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ អាជីវករ ក៏ដូចជា ពលករ​ដែល​ឆ្លង​ដែន​ចេញ​ទៅ​ធ្វើ​ការងារ​រកស៊ី នៅក្នុង​ទឹកដី​ថៃ ដោយ​លោក សៅ ប៊ុនុ​រិទ្ធ បាននិងកំពុង គាបសង្កត់​ពលរដ្ឋ ដើម្បី​រក​លុយ​មក​ដាក់​ហោ​ប៉ោ​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយចំនួន​តូច តាមរយៈ​ការធ្វើ​ប័ណ្ណ​ព្រំដែន ក្នុងតម្លៃ ៧៣.០០០​រៀល​លើសពី​ការកំណត់​ក្នុង​អនុក្រឹត្យ ។ មួយវិញទៀត​មន្ត្រី​អន្តោប្រវេសន៍​ច្រក​ដូង បាន ដាក់​លក់​សំបុត្រ​ចូល​ផ្សារ ថៃ ១​សន្លឹក តម្លៃ ១០០០​រៀល ដោយ​ដាក់​លក់​គ្មាន​ម៉ោង​កំណត់​(​ចាប់​ពី​ព្រឹក​ទល់​យប់​)​លក់​ទាំង​ក្បាល​ប័ណ្ណ និង​កន្ទុយ​ប័ណ្ណ ពេល​ចូល​បោះត្រា​មួយ ហើយ​ប័ណ្ណ​នោះ ប្រមូល​ទុក​បោះត្រា​ម្តងទៀត សម្រាប់​លក់​ឱ្យ​ពលករ​មកពី​ថៃ​ត្រឡប់​ចូល​ទឹកដី​ខ្មែរ វិញ ក្នុងតម្លៃ ១​សន្លឹក ដែល​មាន​បោះត្រា​មូល និង​ជ្រុង ១០០​បាត ឬ​២០០​បាត ដោយ​ប្រើ​រូបភាព​ឱ្យ​កម្មករ​អូស​រទេះ ឬ​អ្នក ចាប់​ម៉ូយ​តាក់ស៊ី​ជា​អ្នកលក់ ។​

​ជាមួយនេះ ប្រជាពលរដ្ឋ​ខេត្ត​បាត់ដំបង​បាន​ខ្សឹប​ប្រាប់​ទៀត​ថា ក្រុមមន្ត្រី​អន្តោប្រវេសន៍​ច្រក​ដូង ក៏​បាន​បើកដៃ​ឱ្យ​ពល ករ​ខ្មែរ​ចំណាកស្រុក​ចេញទៅ​រក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ថៃ ដោយ​មាន​ការ​ស៊ុមគ្រលុំ​គ្នា​ជាមួយ​ក្រុម​មេខ្យល់​ដែល​នាំ​ពលករ ទៅ​ថៃ ដោយ​ខុសច្បាប់​ផងដែរ ។

​ជាងនេះទៅទៀត លោក សៅ ប៊ុន​រិទ្ធ មេ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ដូង ខេត្ត​បាត់ដំបង ក៏​បាន​ប្រើប្រាស់​កម្លាំង​ក្រោម​ការ គ្រប់គ្រង​របស់​ខ្លួន លួច​បើក​ច្រករបៀង​មួយទៀត ដែល​គេ​ដាក់ឈ្មោះថា ច្រក​ស្វាយចេក (​ដើម​ចាន់​គី​រី​)​ស្ថិតនៅ​ខាងលិច​ច្រក ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង ដែល​មាន​មនុស្ស​ចេញចូល​ទៅ​ពាក់​កណ្តាលយប់ និង​ទៀបភ្លឺ​ជាប់​ជាប្រចាំ ។​

​មិនតែប៉ុណ្ណោះ ក្រុមមន្ត្រី​ច្រកទ្វារ​ដូង កំពុងតែ​ប្រមូលប្រាក់​ពលករ​ចំណាកស្រុក ដែល​វិល​ត្រឡប់​មកពី​ធ្វើការ​នៅ​ថៃ ក្នុងនោះ​ពលករ​ទៅ​ដោយ​ខុសច្បាប់ តាមរយៈ​មេខ្យល់​នៅ​ពេល​ត្រឡប់​មក​វិញ ម្នាក់ៗ​ត្រូវ​បង់លុយ​ចាប់ពី ៣០០០​បាត ទៅ ៤០០០​បាត ។ ក្រៅពី​នេះ​ពលក​រណា​ដែល​មាន​សត្វ​មាន់ ឬ​ឆ្កែ យក​មក​ជាមួយ​នោះ ត្រូវ​បង់លុយ​ឱ្យ​សមត្ថកិច្ច​ចំនួន ២០០​បា ឥ ក្នុង​១​ក្បាល ចំពោះ​ធុងបាស់ ១​គូ ៨០០​បាត ទូរទស្សន៍​១​គ្រឿង ៤០០​បាត ទូរ​ទឹកកក​១​គ្រឿង ៥០០​បាត ប្រសិ​បើ​មិន​បង់ លុយ​តាម​ការកំណត់​នោះទេ គឺ​មិន​អាច​វិលត្រឡប់​ចូល​ស្រុក​កំណើត​បាន​ទាន់ពេលវេលា​ឡើយ នឹង​ត្រូវ​ប្រឈម​នឹង​ការ​គំរាម ចាប់ខ្លួន ឬ​ដកហូត​របស់​ជាប់​ខ្លួន​ទុក​ជា​ដើម ៘​

​មហាជន​ដែល​តាមដាន​ករណី​ខាងលើ​នេះ​បាន​រិះគន់ថា មិនគួរណា​ក្រុមមន្ត្រី​ច្រក​ព្រំដែន​នេះ ប្រើ​សិទ្ធិ​ជា​នគរបាល​អន្តោ ប្រវេសន៍​ឃុបឃិត​គ្នា បង្កើត​រឿង​ពុករលួយ​គាបសង្កត់ និង​កេងប្រវ័ញ្ចោ​លី​កម្លាំងពលករ​ឆ្លងដែ​ន និង​ប្រជាពលរដ្ឋ​ស្លូតត្រង់ យកលុយ​ដាក់​ហោប៉ៅ​ផ្ទាល់ខ្លួន ធ្វើឱ្យ​បាត់បង់​ចំណូល​ថវិកាជាតិ​បង្ក​ឱ្យ​ប្រជាពលរដ្ឋ​មានការ​ថ្នាំងថ្នាក់​ចិត្ត​ចំពោះ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ។ លុះ​ដល់​បែកធ្លាយ​រឿងអាស្រូវ​មាន​អ្នកកាសែត​ទៅ សាកសួរ​សុំ​ការបំភ្លឺ ស្រាប់តែ​ច្រឡោតខឹង ជះ​កំហឹង​ដាក់​អ្នកកាសែត​ស្រី​យ៉ាង​ចាស់ដៃ នៅ​ចំពោះមុខ​មហាជន ពិសេស​ភ្ញៀវ ទេសចរ​អន្តរជាតិ ដែល​ធ្វើដំណើរ​ឆ្លងកាត់​ដោយ​មិន​អៀនខ្មាស់​បន្តិច​សោះឡើយ ។

​ទង្វើ​បែប​នេះ សូម​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ និង​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សុខ ផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ មេត្តា​ជួយ​អន្តរាគមន៍ និង​រក​យុត្តិធម៌​ជូន​ដល់​ភ្នាក់ងារ​កាសែត​នគរធំ អ្នកស្រី ម៉ក់ វិច្ឆិកា ផង ព្រោះ​បើ​បណ្តោយ​ឱ្យ​មន្ត្រី​ទាំងនោះ ធ្វើបាប​ពលរដ្ឋ ម្ចាស់ឆ្នោត​បែបនេះ​នៅ​ឆ្នាំ​២០១៨ ខាងមុខ ច្បាស់​ជា​បាត់​សន្លឹកឆ្នោត​កាន់តែ​ច្រើន​ថែមទៀត​ហើយ ។
​សារព័ត៌មាន​យើង នឹង​សុំ​ការបំភ្លឺ​បកស្រាយ​ជុំ​រឿង​ខាងលើនេះ ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​នេះ ៕

 

Filed in: ខេត្តបាត់ដំបង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.