បែកធ្លាយ​លោក ហែម សុ​មុនី ហៅ​ម៉ៅ មេ​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង ប្រចាំ​ទិស​ស្ទឹងត្រែង ជា​អ្នក​បោះ​មេ ឲ្យ​ឈ្មួញ​ដឹក​ឈើ​ខុសច្បាប់​

​ខេត្ត​ស្ទឹងត្រែង ៖ សេចក្តីរាយការណ៍​បានអោយដឹងថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ល្មើសច្បាប់​ចេញពី​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ឆ្ពោះ​ទៅ​ប្រទេស​វៀតណាម តាម​ច្រកព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ ឆ្លងកាត់​ខេត្ត​រតនគីរី យ៉ាង​គគ្រឹកគគ្រេង ដូច​គេ​ហែ​កឋិន​ជិត​២​ខែ​មក​ហើយ គឺ​មាន​ក្រុម​សមត្ថកិច្ច​ជំនាញ និង​អាជ្ញាធរ រហូត​ជិត​៤០ ស្ថាប័ន​ចាប់ពី​ចំណុច​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង រហូត​ដល់​ស្រែ​ពក​ខេត្ត​រតនគីរី ដែល​ឈ្មួញ​ដឹក​បន្ត​យកទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ អូរយ៉ាដាវ​។

​ពាក់ព័ន្ធ​ក្នុង​ការទទួល​សំណូក ពី​ឈ្មួញ និង​មាន​តួលេខ ច្បាស់លាស់ ក្នុង​មួយ​ស្ថាប័ន​ចាប់ពី​១០​ម៉ឺន​រៀល ទៅ​៣០០​ដុល្លារ​ក្នុង​មួយ​រថយន្ត​១​គ្រឿង ពេល​ដឹក ជញ្ជូន ឈើ ឆ្លងកាត់​ខេត្ត​មួយ​នេះ ទើប​អ្វីៗ​អាច​ដំណើរការ ដោយ​រលូន​ល្អ គ្មាន​នរណា ហ៊ាន​ចេញ​មុខ​បង្ក្រាប​។​

​សេចក្តីរាយការណ៍​បាន​អោយដឹង​បន្ត​ថា អំពី​ពុករលួយ​ទាំងនេះ ត្រូវបាន​បែកធ្លាយ ដូច​បែក​ពាង​ប្រហុក ខណៈ​ហែក​ប្រយោជន៍ ចែក​គ្នា​ស៊ី​មិន​ស្មើភាព លាក់លៀម ស៊ីដាច់ គ្នា​ទៅវិញទៅមក ដែល​មាន​មេ​ឈ្មួញ​ជួញ​ឈើ​ខុសច្បាប់​ឈ្មោះ កាំ​ង ម៉ៅការ​ផ្តាច់មុខ​ក្នុង​ជំនួញ​ឈើ​ខុសច្បាប់​ដែល​មាន មន្ត្រី​ប៉ូលីស​សេដ្ឋកិច្ច​ក្រសួង​ឈ្មោះ ម៉ៅ ជា​អ្នក​កាង​ចេញមុខ​រត់ការ​។ ក្នុង​នោះ​សម្រាប់​រថយន្ត ប្រភេទ​សាំ​យ៉ុង មួយគ្រឿង ដឹកឈើ​ចេញពី ស្រុក​សៀម​ប៉ាង ឆ្លងកាត់​ទី​រួម ខេត្ត​ស្ទឹងត្រែង ឆ្ពោះទៅកាន់ ចំណុច​ចាំ​ទទួល​ទិញ នៅ​ស្រែ​ពក ព្រំប្រទល់ ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី គឺ​ឈ្មួញ​ត្រូវ​ចំណាយលុយ ដូចតទៅ ៖ ១-​ត្រូវ​បង់លុយ​ឲ្យ លោក ស៊ី សួន ចៅហ្វាយ ស្រុក​សៀម​ប៉ាង ក្នុង​១​រថយន្ត​២០០​ដុល្លារ​។ ២-​សមត្ថកិច្ច​ស្រុក ១០០​ដុល្លារ​។ ៣-​លោក ជា សំណាង (​សមត្ថកិច្ច​) ១០០​ដុល្លារ​។ ៤-​ផ្នែក​សឹក​រង​ស្រុក​សៀម​ប៉ាង ១៥​ម៉ឺន​រៀល​។ ៥-​បរិស្ថាន​ស្រុក​សៀម​ប៉ាង​៦​ម៉ឺន​រៀល​។ ៦-​បរិស្ថាន​ខេត្តស្ទឹងត្រែង ១៥​ម៉ឺន​រៀល​។ ៧-​នគរបាល សេដ្ឋកិច្ច​ខេត្ត ១៥​ម៉ឺន​រៀល​។ ៨-​អធិការ នគរបាល ស្រុក​សៀម​ប៉ាង ១០០​ដុល្លារ ។ ៩-​ខាង​មន្ទីរ អធិការកិច្ច ១៥​ម៉ឺន​រៀល​។​១០- តាម​ប៉ុស្តិ៍ នគរបាល​រដ្ឋបាល​ដែល​ឆ្លងកាត់ ចាប់​ពី​ស្រុក​សៀម​ប៉ាង​ដល់​ស្រែ​ពក​បង់​មួយ​ប៉ុស្តិ៍​១០​ម៉ឺន​រៀល​។​១១-​នាយផ្នែក រដ្ឋបាល​ព្រៃឈើ សៀម​ប៉ាង ៣០​ម៉ឺន​រៀល​។ ១២-​នាយ​សង្កាត់​នីមួយៗ​១៥​ម៉ឺន​រៀល​។​១៣-​នាយខ​ណ្ឌ រដ្ឋបាល​ព្រៃឈើ​ខេត្ត ចាប់ ពី ២០០​ដុល្លារ​ទៅ​៥០០​ដុល្លា ,១៤-​ទាហាន​ព្រំដែន បូក​ជាមួយ​យោធា​ខេត្ត​ប្រចាំការ​នៅ​ព្រំដែន ១២​ម៉ឺន​រៀល​។ ១៥-​នគរបាល​ព្រំដែន ៥០​ម៉ឺន​។ ១៦-​តាម​ស្នាក់ការ មួយ​ស្នាក់​ការ ១០​ម៉ឺន រៀល​។​១៧-​នគរបាល សេដ្ឋកិច្ច​ក្រសួង បង់​ឲ្យ​មេ​ប្រចាំ​ទិស ១០​ម៉ឺន​រៀល កូនចៅ​ឈរ រាប់​ក្បាល​រថយន្ត ១០​ម៉ឺន​រៀល ហើយ ឈ្មោះ ហែម សុ​មុនី ហៅ ម៉ៅ មេ​នគរបាល សេដ្ឋកិច្ច​ក្រសួង ឈរជើង​នៅ​ទីនោះ​កំណត់​១​រថយន្ត យក​៣០​ម៉ឺន​រៀល​។ ១៨-​ខាង​មន្ទីរ​កសិកម្ម​ខេត្ត​ស្ទឹងត្រែង ៥០ ម៉ឺន រៀល ។ ១៩-​សមត្ថកិច្ច ឈ្មោះ M-7 យក​មួយ​រថយន្ត ៣០០​ដុល្លារ ក្នុងនោះ ឮថា ចំណាយ​រត់ការ ទៅ​ឲ្យ​ខាង ព្រះរាជអាជ្ញា មួយ​រថយន្ត ២០​ម៉ឺន​រៀល លើស​ពី​សម័យ លោក ជា ពេជ្រ មួយ​រថយន្ត ត្រឹម ១៥​ម៉ឺន​រៀល​។ ២០-​សមត្ថកិច្ច​ក្រុង ស្ទឹង ត្រែង ១​រថយន្ត ៣០​ម៉ឺន​រៀល​។ ២១- ទាហាន​ផ្នែក​ចារ​កិច្ច មួយ​រថយន្ត ៥០​ម៉ឺន​រៀល​។​២២-​ចៅហ្វាយខេត្ត​ស្ទឹងត្រែង មួយ​រថយន្ត ២៥០​ដុល្លារ ក្នុងនោះ​មាន​មន្ត្រីខេត្ត ជា​អ្នក​ចេញមុខ​ទទួល​សំណូក​នេះ ហើយ​ហាម​ដាច់ខាត​មិន​ឲ្យ​ឈ្មួញ​និយាយថា បង់លុយ ឲ្យ​ចៅហ្វាយខេត្ត​ឡើយ​។ ចំពោះ​ករណី​បែប​នេះ​ក៏​ប្រទាញប្រទង់​គ្នា ជាមួយ​អភិបាលរង​ខេត្ត ព្រោះថា ខាង​ចៅហ្វាយខេត្ត បើកភ្លើង​ខៀវ​ឲ្យ​ឈើ​ចេញ​ខាង​អភិបាលរង ដែល​មិន​បាន​លាភ​សក្ការ ក៏​នាំ​ទាហាន ទៅ​បង្អើល ក្រុម​ឈ្មួញ​ឈើ​បង្កើតឲ្យមាន បញ្ហា​ស្មុគស្មាញ​ដល់​ឈ្មួញ​ឈើ​ចំណាយ​ក្រៅ​ខ្ទង់​បន្ថែម ។

​ជា​ទូទៅ​ក្នុង​មួយ​យប់ មាន​រថយន្ត សាំ​យ៉ុង ដឹកឈើ​ដឹកជញ្ជូន​ឈើ​ក្នុង​១​យប់​ពី​៨​ទៅ​១០​គ្រឿង ចេញពី​ស្រុក​សៀម​ប៉ាង ខេត្ត​ស្ទឹងត្រែង ទៅ​យកទៅលក់​នៅ​ស្រែ​ពក ខេត្ត​រតនគីរី និង​ដឹក​បន្ត​យកទៅលក់​នៅ​ប្រទេស​វៀតណាម​តាម​ច្រកព្រំដែន​អន្តរជាតិ​អូរយ៉ាដាវ​។​នេះ​មិន​រាប់បញ្ចូល ឈ្មួញ ដឹកជញ្ជូន​ប្រណិត​ខុសច្បាប់ ចូល​លក់​អោយ​ឈ្មួញ​ក្នុង​ទី​រួម​ខេត្ត​ស្ទឹងត្រែង មួយ​យប់​ជាង​២០​គ្រឿង​នោះ​ឡើយ​។​

​ករណី​ខាងលើ​មិន​អាច​ទទួល​ការ បំភ្លឺ​ពី​លោក ហែម​សុ​មុនី ហៅ​ម៉ៅ​មេ​ប៉ូលិស​សេដ្ឋកិច្ច ក្រសួង ប្រចាំ​ទិស​ស្ទឹងត្រែង បាន​នៅឡើយ ៕

 

Filed in: ខេត្តស្ទឹងត្រែង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.