ច្រក​អូរយ៉ាដាវ​នៅតែ​ផ្គើន​នឹង​បទបញ្ជា​លេខ ០១ របស់​រាជរដ្ឋាភិបាល ចេញ​ឈើ​ល្មើស​ច្បាប់​ឆ្លងទៅ​ប្រទេស​វៀតណាម​ដដែល​…!

ប្រភព​ព័ត៌មាន​បាន​ខ្សឹប​ប្រាប់​បាន​ថា ការ​អសមត្ថភាព​ក្នុង​សកម្មភាព​បង្ក្រាប​ការដឹកជញ្ជូន​ឈើ​ឆ្លងដែន​ល្មើស​ច្បាប់​ចេញទៅ ប្រទេស​វៀតណាម​តាម​ច្រក​អន្តរជាតិ​អូរយ៉ាដាវ ដោយ​អាជ្ញាធរ​ខេត្ត សមត្ថកិច្ច​ជា​ច្រើន​ស្ថាប័ន និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ ជាពិសេស​សមត្ថកិច្ច​ប្រចាំ​ច្រក​នេះ​តែម្តង ផ្គើន​នឹង​បទបញ្ជា​លេខ ០១ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ដឹកនាំ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

​គេ​បាន​លួច​បង្ហើប​ឱ្យដឹង​ទៀត​ថា ប្រភព​ឈើ​សម្រាប់​ដឹក​ឆ្លង​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​អូរយ៉ាដាវ​នេះ គឺ​ប្រមូល​ទិញ​ពី​ទឹកដី​ខេត្ត​ស្ទឹងត្រែង ស្រុក​សៀម​ប៉ាង ក្នុង​តំបន់​ឧទ្យាន​ជាតិ​វិរ​ជ័យ ខេត្ត​រតនគីរី ស្រុក​វ៉ើន​សៃ ក្នុង​តំបន់​ឧទ្យាន វិរ​ជ័យ និង​យក​មក​ពី​ស្រុក​កោះ​ញែក ខេត្ត​មណ្ឌល​គី​រី ។
​ក្រុម​ឈ្មួញ​បាន​ប្រើ​រូបភាព​យក​រថយន្ត​សាំ​យ៉ុង និង​រថយន្ត​ធំៗ​ចាប់ពី ៥​តោន​ឡើង​ធ្វើ​ជា​មធ្យោបាយ​ដឹកជញ្ជូន ។ រាល់​ការដឹកជញ្ជូន​នេះ មិនមែន​ឈ្មួញ​បង់​ខ្វះ​ទៅលើ​សមត្ថកិច្ច​ស្ថាប័ន​ណាមួយ ឡើយ ។ ដូច្នេះ​មុន​នឹង​ដឹកជញ្ជូន​គេ​បាន​រត់ការ​សម្រាប់​ជា​សេវា​តម្លៃ​ជើង សេវា​ប្រចាំខែ​សេវា​ក្បាល​ឡាន​យ៉ាង​ស៊ីចង្វាក់​គ្នា រវាង​ឈ្មួញ​ឈើ​ល្មើសច្បាប់​នឹង​សមត្ថកិច្ច​ពាក់ព័ន្ធ​រួចរាល់​អស់ហើយ ។ ឬ​ក៏​អស់លោក​ទាំងនោះ​កំពុង​ទទួលបាន​ផលប្រយោជន៍ ពី​ការដឹកជញ្ជូន​ឈើ​ល្មើស​ច្បាប់​រហូត​ដល់​ពល​រដ្ឋ​សាមញ្ញៗ​និយាយ​ចំអក​មិន​សំចៃមាត់​ថា “​គ្មាន​សមត្ថកិច្ច​ណា​មក​ពី​ក្រហែង មេ​ឃណា ឬ​ព្រះឥន្ទ​ណា​ដែល​អាច​លុបបំបាត់​បទ​ល្មើស​ដឹកជញ្ជូន​ឈើ​ទាំងនេះ​បាន​ទេ បើ​ម្នាក់ៗ ឬ​ស្ថាប័ន​នី​មួយៗ ស្រក់​ទឹកមាត់ ក្នុងការ​ទាញយក​ប្រយោជន៍​”​ពី​បទល្មើស​ឈើ​ទាំងអស់គ្នា​ហ្នឹង​…! (Sic)​។ ពួក​គាត់​បន្ត​ទៀត​ថា បង្ក្រាប​យ៉ាង ម្តេច​កើត​បើ​ឈ្មួញ​ឈើ​មុខ​ដដែលៗ និង​ខ្លះទៀត​ជា​សមត្ថកិច្ច ហើយ​អ្នក​បង្ក្រាប​ក៏​មុខ​ដដែលៗ​ធ្លាប់​ស្គាល់ចិត្ត ស្គាល់​ថ្លើម​គ្នា ចែករំលែក​ផលប្រយោជន៍​ពី​បទ​ល្មើស​នេះ​ក្លាយទៅជា​វប្បធម៌​ពុករលួយ​ទៅហើយនោះ ?

​ប្រភព​ពី​សមត្ថកិច្ច​បា​ន​ទម្លាយ​ថា កន្លង​ទៅ​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​រួមទាំង​អាជ្ញាធរ​ផង​ដែរ តែង​យក​រួចខ្លួន​ទម្លាក់ កំហុស​ទៅលើ​សមត្ថកិច្ច​ដែល​មាន​ភារកិច្ច តួនាទី​ក្នុង​អនុក្រឹត្យ​ប្រចាំ​ច្រក​អូរយ៉ាដាវ បាន​ពាក់ព័ន្ធ​នឹង​ការ​អនុញ្ញាត​ឱ្យ​ឈ្មួញ​ដឹក ជញ្ជូន​ឈើ​ល្មើស​ច្បាប់​ឆ្លងដែន ។ ប៉ុន្តែ​ក​ករណីនេះ ខាង​សមត្ថកិច្ច​ជាច្រើន​ស្ថាប័ន​ប្រចាំ​ច្រក​បាន​លើក​ហេតុផល​វិញ​ថា “​បើ​គ្មាន អាជ្ញាធរ សមត្ថកិច្ច​ជំនាញ​ទាំងនោះ​ទេ ជា​អ្នក​បើក​ភ្លើង​ខៀវ​តាមរយៈ​យក​លុយ​ពី​ឈ្មួញ​ឈើ​ក៏​ឈើ​ទាំងនោះ​អាច​ហោះ​ចេញពី ព្រៃ​មក​ដល់​ច្រក​នេះ​ខ្លួនឯង ។
​ដូច្នេះ​បើ​អាជ្ញាធរ​សមត្ថកិច្ច​ជំនាញ​ទាំង​នេះ​ធូររលុង​ឱ្យ​មាន​ឈើ​ចរាចរ​ដើម្បី​ប្រភព​សេដ្ឋកិច្ច ឆ្នាំងបាយ​ខាង​សមត្ថកិច្ច​ច្រក​ក៏​មិន​រុញ​រា​ឱ្យ​ឈើ​ទាំងនោះ​ឆ្លងកាត់​ទៅ​ប្រទេស​វៀតណាម​ផងដែរ ។ ហេតុនេះហើយ ទើប​លទ្ធផល​បង្ក្រាប​ការបិទច្រក​មិន​អាច​ធ្វើ​ទៅ​រួច ខណៈ​ឥទ្ធិពល​លុយកាក់​ធំ​ជាង​ឧត្តមគតិ ភ្លេច​គោរព​តួនាទី និង​ភារកិច្ច ៕

 

Filed in: ខេត្ត​រតនៈគីរី, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!