បង្ក្រាប​សកម្មភាព​ដឹកជញ្ជូន​ឈើ​ដ៏​មាន​សេរីភាព ដឹក​កាត់​ព្រៃ ដងអូរ​គី​រី​បុព្វ​តា ដោយ​អាវុធហត្ថ​ខេត្ត និង​អាវុធហត្ថ​ស្រុក​អូរយ៉ាដាវ ក្រោម​ការបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី គឹម រស្មី​

រតនគិរី ៖ បទល្មើស​ព្រៃឈើ​ខុសច្បាប់​រាប់សិប​ម៉ែត្រត្រីគុណ ត្រូវ​គេ​លួច​ដឹក​យ៉ាង​លាក់កំបាំង​បំផុត ដែល​គ្មាន​នរណា​នឹកស្មាន​ដល់​។ ឈើ​ខុសច្បាប់​ទាំងនោះ ត្រូវ​គេ​លួច​ដឹក​តាម​ផ្លូវ​មួយ​ខ្សែ​កាត់​ព្រៃ​កៅស៊ូ កាត់​អូរ តាក់​ជ្រលង​ភ្នំ ដែល​កន្លង​មក​សកម្ម​ភាព​ដឹកជញ្ជូន​បទល្មើស​បែបនេះ ពុំ​ធ្លាប់​បាន​ត្រូវ​គេ​ជួបប្រទះ​នោះឡើយ​។​

​ជាក់ស្តែង នៅវេលា​ម៉ោង​ប្រមាណ​5​និង​30​នាទី ព្រឹក​ថ្ងៃ​ទី​05 ខែ​ឧសភា នេះ រថយន្ត​ដឹកឈើ​តម្រៀប​គ្នា​មួយ​ខ្សែ កំពុងធ្វើដំណើរ​យ៉ាង​មាន​សេរីភាព នៅក្នុង​ព្រៃ​ចំការកៅស៊ូ​របស់​ក្រុមហ៊ុន​74 ក្បែរ​ចំណុច​ច្រករបៀង​ភ្នំ​ក្រហម ដែលជា​ច្រក​របស់​វរៈ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ 601 ហើយ​ក៏​ត្រូវ​កងរាជអាវុធហត្ថ​ស្រុក​អូរ​យា់​ដាវ និង​អាវុធហត្ថ​ខេត្ត​ចាប់​បង្ក្រាបបាន​ទាន់ពេលវេលា ក្រោយពី​មាន​បញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី គឹម រស្មី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​រតនគិរី ។​

​រថយន្ត​ដឹកឈើ​នៅ​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នេះ មាន​ចំនួន​04​គ្រឿង សុទ្ធតែ​ជា​ប្រភេទ​រថយន្ត​ឡង់​គ្រិះ​ស័រ​កែច្នៃ ចំណែក​1​គ្រឿង​ទៀត ត្រូវ​គេ​រាយការណ៍​ថា បាន​ទម្លាក់​ឈើ​ចេញ ហើយ​បាន​បើក​គេចខ្លួន​ផុត​ពី​ប្រតិបត្តិការ​នោះ​ហើយ ក្រោយ​ពី​ម្ចាស់​រថយន្ត​1​គ្រឿង​នោះ​បាន​ដឹង​អំពី​ការចុះ​បង្ក្រាប​នេះ​។​

​មិនទាន់​មាន​ទិន្ន័យ​ច្បាស់លាស់ ថា​តើ​ឈើ​ទាំង​នោះ​មាន​ប៉ុន្មាន​ម៉ែត្រត្រីគុណ​ទេ​។ តែ​ត្រូវគេ​សន្និដ្ឋានថា មិន​ក្រោម​ពី​30​ម៉ែត្រត្រីគុណ​នោះទេ​។ នៅវេ​ម៉ោង​1​និង​10​នាទី​ថ្ងៃ​ទី​05 មេសា​ដដែល​នេះ ឈើ​ទាំង​នោះ នៅ​មិនទាន់​យក​ចេញ​អោយ​ផុត​ពី​ចំការកៅស៊ូ​ក្រុមហ៊ុន​74​នោះ​នៅឡើយ​ទេ ដោយសារ​តែ​ផ្លូវ​ដែល​ត្រូវ​យក​វត្ថុតាង​ទៅ​កាន់​ទីរួមស្រុក​អូរយ៉ាដាវ​នោះ មាន​ស្ថានភាព​ខូចខាត​និង​លំបាក​ធ្វើដំណើរ​ខ្លាំងពេក​។​

​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ លោក សុខ មីន នៅ​ក្នុង​ប្រតិបត្តិការ​នោះ​បាន​អោយដឹងថា វត្ថុតាង​ទាំងនេះ​គឺ​នឹង​ត្រូវ​ដឹក​ទៅ​កាន់​បញ្ជាការដ្ឋាន​កង​រាជ​អាវុធហត្ថ​ស្រុក ដើម្បី​កសាង​នីតិវិធី មុននឹង​បញ្ជូន​អោយ​ទៅ​ស្ថាប័ន​ជំនាញ​ផ្សេងទៀត​នោះ​។ លោក សុខ មីន បន្តថា ខាង​កំលាំង​អាវុធហត្ថ​របស់លោក ក្រោម​បញ្ជា​ម៉ឺងម៉ាត់​ពី​ឧត្តមសេនីយ៍ត្រី គឹម រស្មី កំលាំង​របស់​បាន​ខិតខំ​ស្កាត់​លើ​ជំនួញ​ព្រៃឈើ​នេះ​យ៉ាង​សកម្ម តាមរយៈ​សេចក្តីរាយការណ៍ របស់​ភ្នាក់ងារ​សម្ងាត់​ដែល​ផ្តល់​ជូន​សមត្ថកិច្ច​របស់លោក​។​

​លោក​បាន​បញ្ជាក់ថា ឈើ​មួយ​ចំនួន គឺ​ក្រុម​ឈ្មួញ​បាន​ទិញ​ពី​អ្នកដឹកឈើ​តាម​ម៉ូតូ​។ ជាក់ស្តែង កំណាត់ឈើ​ខ្លីៗ​នេះ គឺជា​ប្រភេទ​ដែល​ដឹក​តាម​ម៉ូតូ​។​

​សូមជម្រាបថា រយៈពេល​ប្រមាណ​ជាង​3​ខែ​មក​ហើយ នៅ​ចំណុច​វរៈ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​601​ច្រករបៀង​ភ្នំ​ក្រហម​នេះ បាន​លេចឮ​ព័ត៌មាន​ថា មានការ​លួចលាក់​ធ្វើ​ជំនួញ​ឈើ​ខុសច្បាប់ តាម​ច្រករបៀង​ភ្នំ​ក្រហម​នេះ​យូរណាស់​មកហើយ ដោយសារតែ​មាន​ការបើក​ដៃ​ពី​មេ​ប៉ុស្តិ៍​ច្រករបៀង​ភ្នំ​ក្រហម​ឈ្មោះ យ៉ា​ត ។ ប្រភព​បាន​និយាយថា រាល់​ជំនួញ​ឈើ​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម មិន​ត្រឹមតែ​ចេញ​តាម​ច្រក​ភ្នំ​ក្រហម​នេះ​ទេ គឺ​នៅ​មាន​ច្រក​មួយទៀត ហៅថា ច្រករបៀង​សង្កេតការណ៍​ភូមិ​ឡំ ។​

​ជុំវិញ​ការចោទប្រកាន់​ប៉ុស្តិ៍​សង្កេតការណ៍​ទាំងពីរ​នេះ លោក យ៉ា​ត មេ​ប៉ុស្តិ៍​សង្កេតការណ៍​ច្រករបៀង​ភ្នំ​ក្រហម មិន​អាច​ស្វែងរក​ការបំភ្លឺ​តាម​ប្រព័ន្ធ​ទូរស័ព្ទ​បានទេ ដោយសារតែ​គ្មាន​អ្នក​លើក​។ ដោយឡែក ច្រករបៀង​សង្កេតការណ៍​ភូមិ​ឡំ មិន​អាច​ស្វែងរក​ការទំនាក់ទំនង​បានឡើយ​។ ប៉ុន្តែ​នៅ​មុន​នេះ​បន្តិច មេ​ប៉ុស្តិ៍​ច្រករបៀង​ភ្នំ​ក្រហម លោក យ៉ា​ត បាន​ប្រាប់​អ្នកកាសែត​ថា មូលហេតុ​មាន​ការចាប់​បទល្មើស​នេះ ដោយសារតែ នៅ​រាត្រី​នោះ ឈ្មួញ​សុំ​ចេញ​តែ​លោក​មិន​អោយ​ចេញ​ទេ​ថ្ងៃនេះ ។​

​ចំណែក​មេបញ្ជាការ​វរៈ​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២៣ លោក ងួន សុ​វណ្ណា បាន​បញ្ជាក់​តាម​ទូរស័ព្ទ​អោយ​ក្រុម​អ្នក​សារពត៌មាន​យើង​ដឹង​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា សកម្មភាព​ដឹក​នេះ​គឺ​តិចតួច​ទេ បើ​ចង់​ចាប់​សូម​ចាប់​តាម​ផ្លូវ​លេខ​19 គឺ​មាន​ច្រើន​ជាង​នេះ​ទៅទៀត រី​ឯ​វត្ថុតាង​ឈើ​នឹង​រថយន្ត​និង​សម្ភារៈ​មួយចំនួនទៀត​ត្រូវ​យក​មក​រក្សាទុក​បណ្តោះ​នៅ​កងរាជអាវុធហត្ថ​ស្រុក​អូរយ៉ាដាវ​៕

 

Filed in: ខេត្ត​រតនៈគីរី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 7821 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.