អាជ្ញាធរ​និង​សមត្ថកិច្ច​ចម្រុះ​៥​ខេត្ត​ចូលរួម​ដុត​បំផ្លាញ​គ្រឿងញៀន​ទម្ងន់​ជាង​១៦​គីឡូក្រាម ក្រោម​អធិបតីភាព​ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​

ខេត្ត​បាត់ដំបង​៖ ឯកឧត្តម អង្គ  វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ឯកឧត្តម ច័ន្ទ សុផល អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម លោកជំទាវ  លោក​ប្រធាន និង លោក​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ទាំង​៥ រួម​ទាំង​ថ្នាក់​ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ  លោកគ្រូ អ្នកគ្រូ សិស្សានិសិស្ស​ជាច្រើនចូល​រួម​ដុត គ្រឿងញៀន​ទម្ងន់​ជាង​១៦​គីឡូក្រាម តាម​អំណាច​សាលក្រម​សាលដីកា​ស្ថាពរ​របស់​សាលាដំបូង​ខេត្ត​ទាំង​៥-​បាត់ដំបង -​បន្ទាយមានជ័យ -​ប៉ៃលិន -​ពោធិសាត់ -​កំពង់ឆ្នាំង​។​ នៅ​ព្រឹក​ថ្ងៃទី​១ ខែ​មេសា ឆ្នាំ​២០១៧​នៅ​ទីលាន​បាល់ទាត់​វាល​បែក​ចាន ស្ថិតក្នុង​ភូមិ​១៣ មករា  សង្កាត់​ព្រែក​ព្រះស្តេច  ក្រុង​បាត់ដំបង​។

​លោក នួន សាន ព្រះរាជអាជ្ញា តំណាង​សាលាដំបូង ខេត្ត​ទាំង​៥​ឡើង​ធ្វើ​បទ​បង្ហាញ​របាយការណ៍​ស្តី​ពី​ការដុត​បំផ្លាញ​គ្រឿងញៀន​រួម​មក​។​

​ឯកឧត្តម ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង បាន​មានប្រសាសន៍​សំដែង​ការរីករាយ​យ៉ាង​ក្រៃ​លែង​ដោយបាន​ចូលរួម​នៅក្នុង​កម្មវិធី​ដុត​បំផ្លាញ​វត្ថុតាង​គ្រឿងញៀន​តាម​អំណាច​សាលក្រម​សាលដីកា​ស្ថាពរ​របស់​សាលាដំបូង​ខេត្ត​ទាំង​៥​។​

​ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត គ​ណះ​អភិបាលខេត្ត​បាត់ដំបង ឯកឧត្តម​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រសួង​យុត្តិធម៌ សាលាដំបូង​ខេត្ត​ដែល​បាន​កំណត់​យក​ខេត្ត​បាត់ដំបង​ជា​ទីតាំង​រៀបចំ​កម្មវិធី​ដុតបំផ្លាញ​វត្ថុតាង​គ្រឿងញៀន​តាម​អំណាច​សាលក្រម​សាលដីកា​របស់​សាលាដំបូង​ខេត្ត​ទាំង​៥ បាត់ដំបង  -​កំពង់ឆ្នាំង – ពោធិសាត់ – ប៉ៃលិន និង​បន្ទាយមានជ័យ ក្នុង​គោលបំណង​បង្ហាញ​ពី​ស្នាដៃ​សម្រេចបាន​ក្នុង​ការចូលរួម​អនុវត្ត​ផែនការ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​របស់​សាលាដំបូង​ខេត្ត​ទាំង​៥​ដែល​បាន​អនុវត្ត​ផែនការ​របស់​រាជរដ្ឋាភិបាល​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​។​

​ឯកឧត្តម ក៍​បាន លើកឡើង អំពី​ស្ថានភាព​នៃ​អ្នកញៀន​គ្រឿងញៀន​ដែល​បង្ក​អោយមាន​បញ្ហា​ប្រឈម​ជាច្រើន​ដល់​អ្នកប្រើប្រាស់​ផ្ទាល់ ក្រុមគ្រួសារ និង​សង្គមជាតិ ធ្វើអោយ​ខូច សុខភាព  ខាតបង់​ថវិកា  បាត់បង់​សេចក្តីថ្លៃថ្នូរ បាត់បង់​អនាគត  ទទួល​ការរើសអើង​ពី​អ្នក​ដទៃ និង​បង្ក​អំពើ​ហឹង្សា​នៅ​ក្នុង​គ្រួរ​សារ​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួង យុត្តិធម៌​បាន​មានប្រសាសន៍ថា​៖​នៅ​ដើមឆ្នាំ​២០១៧​ថ្មីៗ​នេះ រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​ដាក់​ចេញ​នូវ​ផែនការ លេខ​០១ ចុះ​ថ្ងៃ​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០១៦​ស្តី​ពី​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១ រយះពេល​៦​ខែ ដោយ​ត្រូវ​ផ្តើម​អនុវត្ត​ចាប់ពី​ខែ​មករា ឆ្នាំ​២០១៧ ក្រោម​ការដឹក នាំ​របស់​សម្តេច​ក្រឡាហោម ស ខេង​ឧបនាយក​រដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ និង​មាន​ឯកឧត្តម កែ គឹមយ៉ាន ឧបនាយក​រដ្ឋមន្ត្រី​ជា​ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ជា​អនុប្រធាន​យុទ្ធ​ការ​ផង​ដែរ​។​

​ឯកឧត្តម​បន្តថា​៖​ដោយសារ​មាន​គោលនយោបាយ​ត្រឹមត្រូវ និង​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ បទល្មើស​គ្រឿងញៀន​ជាច្រើន​ករណី​ត្រូវបាន​បង្ក្រាប​និង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ធ្វើការ​ជំនុំជម្រះ​និង​ផ្តន្ទាទោស​ជា​បន្តបន្ទាប់ គ្រឿងញៀន​ជា​វត្ថុតាង​ជាច្រើន​ត្រូវបាន​តុលាការ​សម្រេច​រឹបអូស​និង​ដុត​បំផ្លាញចោល​។​

​ជាក់ស្តែង​តាម​របាយការណ៍​របស់​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបាត់ដំបង​និង​ជា​តំណាង​សាលាដំបូង​ខេត្ត​ទាំង​៥​បានបញ្ជាក់​ថា វត្ថុតាង​ថ្នាំញៀន​ដែល​បាន​សម្រេច​តាម​សាលក្រម​សាលដីកា​ស្ថាពរ​របស់​សាលាដំបូង​ខេត្ត​ទាំង​៥​ត្រូវធ្វើ​ការដុត​បំផ្លាញ​នៅពេល​នេះ​រួមមាន​៖​មេតំ​ហ្វេ​តា​មីន​wy​និង​ICE ចំនួន​១៦.៥៨៧,៦៣​ក្រាម​ ​មេតំ​ហ្វេ​តា​មីន​ICE​ចំនួន​១៨​កញ្ចប់​និង​ម្សៅ​សម្រាប់​ផលិត​គ្រឿងញៀន​ចំនួន​៧៥៩,១​ក្រាម​។​

​ឯកឧត្តម​បាន​បន្តថា ដើម្បី​បន្ត​អនុវត្ត​អោយ​កាន់តែ​សកម្ម​និង​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត​ស្របតាម​គោលនយោបាយ​និង​យុទ្ធនាការ​របស់​រាជរដ្ឋាភិបាល
១-​ប្រជាពលរដ្ឋ ទាំងអស់​ត្រូវ ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​ហើយ​ត្រូវ​និយាយថា​(​ទេ​)​ចំពោះ​គ្រឿងញៀន​។
២-​បន្ត​ជម្រុញ និង​លើកទឹកចិត្ត ដល់​ប្រជាពលរដ្ឋ​អោយ​ចូលរួម​សហការ បង្ការ ទប់ស្កាត់ និង​បង្ក្រាប​គ្រឿងញៀន​។​
៣-​បន្ត​អនុវត្ត​ច្បាប់ ស្តីពី​ការ ត្រួតពិនិត្យ​គ្រឿងញៀន​អោយបាន​ម៉ឺងម៉ាត់​។
៤-​តំណាង​អយ្យា​ការ​អម​សា លា​ដំបូង​រាជធានី ខេត្ត ត្រូវ​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​អោយ​បាន​ជិតស្និទ្ធ​និង​អនុវត្ត​តួនាទី​របស់​ខ្លួន​អោយបាន​ម៉ឺងម៉ាត់​ស្រប​តាម​នីតិវិធី​ច្បាប់​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​។​
៥-​ស្នើ​អោយ​តុលាការ​ជួយ ពន្លឿ​ននីតិវិធី​ចំពោះ​បទល្មើ​ស​គ្រឿងញៀន​អោយ​បាន​ឆាប់​ដើម្បី​បន្ត​នីតិវិធី​លក់​ឡាយឡុង​ទ្រព្យ​ដែល​រឹបអូស​ពី​បទល្មើស​គ្រឿងញៀន​យក​ទៅ​បម្រើ​បុព្វហេតុ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​វិញ ៕

 

Filed in: ខេត្តបាត់ដំបង

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.