សង្វៀន​ជល់​មាន់ និង​អាប៉ោង​ខុស​ច្បាប់​ដ៏​ធំ​របស់​លោក សូ ឆ​ង បើក​លេង​យ៉ាង​ត្រជាក់ចិត្ត​បំផុត​ប្រចាំ​ខេត្ត​កំពង់ឆ្នាំង សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​មិន​ហ៊ាន​បង្ក្រាប !

​ខេត្ត​កំពង់ឆ្នាំង​ ៖ សង្វៀន​ជល់​មាន់ និង​អាប៉ោង​ខុសច្បាប់​មួយ​បាន​បើក​លេង​យ៉ាង​រលូន ជា​រៀងរាល់ថ្ងៃ​មិន​ដែល​មាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់​សោះឡើយ ព្រោះ​សមត្ថកិច្ច​ទាំងនោះ​បាន​បើកភ្លើង​ខៀវ និង​ទទួលបាន​លាភសក្ការៈ​ពី​ម្ចាស់​សង្វៀន​ជល់​មាន់ និង​អាប៉ោង ភ្លេច​គិត​ពី​តួនាទី និង​ភារកិច្ច ដោយ​ប្រឆាំង​ទៅនឹង​បទ​បញ្ជា របស់​សម្តេច​ក្រឡោ​ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ក្នុង​ការលុបបំបាត់​ល្បែងស៊ីសង​គ្រប់​ប្រភេទ ទូ​តាំង​ប្រទេស ប៉ុន្តែ​បែ​ជា​លោកស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ដឹង​យ៉ាងច្បាស់​មាន​សង្វៀន​ជល់​មាន់ និង​អាប៉ោង​បើក​លេង យ៉ាង​គគ្រឹកគគ្រេង ក្នុង​ទឹកដី​ស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មានជ័យ ជាប់​ព្រំប្រទល់​ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ និង​ស្រុក​ពញាឮ ខេត្ត​កណ្តាល បែរជា​នាំគ្នា​បិតបាំង​មិន​ហ៊ាន​ធ្វើ​ការបង្ក្រាប​ទៅវិញ ។​

​ទីតាំង​សង្វៀន​ជល់​មាន់ និង​អាប៉ោង​ខាងលើ បាន​បើក​ចល័ត​លេង​ចំនួន ៣​ទីតាំង​ផ្សេងៗ​គ្នា បាន​បើក​លេង​ស្រែក​ហ៊ោ កញ្ជៀវរ​ហឹង​អឺ​កង ត្រង់​ចំណុច​ដើម​ឈើទាល​, ទួល​ឥន្ទ្រី និង​រណ្តៅ​ដី ហើយ​ម្ចាស់​សង្វៀន​ដែល​ហ៊ាន​បើក​លេង​ល្បែង​ជល់​មាន់ និង​អាប៉ោង​នេះ គ្មាន​ខ្លាច​ញញើត​ច្បាប់​នោះ គឺ​មានឈ្មោះ សូ ឆ​ង ជា​មន្ត្រី​យោធា​ពាក់​ស័ក្តិ​បួន​កន្លះ មាន​តួនាទី​ជា​មេបញ្ជាការ រង​ផ្នែក​គីមី​សាស្ត្រ ។​

​លោក ប្រិ​យ ដែល​ជា​អ្នកមើលការខុសត្រូវ​សង្វៀន​ជល់​មាន់​បាន​ឆ្លើយ​បដិសេធថា រូបគាត់​មិន​មែន​ជា​មេការ​សង្វៀន ជល់​មាន់​លោក សូ ឆ​ង ទៀត​ទេ ព្រោះ​ឈ្លោះ​គ្នា​ជាមួយ តា​ឆ​ង ជាង​១​ឆ្នាំ​មកហើយ បច្ចុប្បន្ន​គ្រាន់តែ​ជា​ភ្ញៀវ​បី​មាន់​ចូលទៅ ជល់​លេង​ធម្មតា គ្មាន​ភាគហ៊ុន ឬ​ពាក់​ព័ន្ធ​ក្នុង​រឿង​បើក​សង្វៀន​ជល់​មាន់​របស់លោក សូ ឆ​ង ។ ហើយ​តា​ឆ​ង គាត់​ធ្វើ​តែ​ម្នាក់ ឯង​ប៉ុណ្ណេះ បញ្ហា​បង់លុយ​ទៅឱ្យ​សមត្ថកិច្ច​ជា​រឿង​ផ្ទៃក្នុង​របស់​(​តា​ឆ​ង​)​ខ្លួនគេ​មិន​បានដឹង​ទេ ។​

​ប្រភព​ពី​អ្នកញៀន​ល្បែង​ជល់​មាន់​បាន​បង្ហើប​ឱ្យដឹងថា ម្ចាស់​សង្វៀន​ជល់​មាន់ ជា​មន្ត្រី​យោធា​បាន​អួត​ក្អេងក្អាង​ប្រាប់ អ្នក​មក​លេង​ជល់​មាន់​កន្លែង​របស់​គាត់​កុំឱ្យ​មាន​ការព្រួយបារម្ភ​ពី​សុវត្ថិភាព​អី ព្រោះ​គាត់​សុំ​ថ្នាក់លើ​អស់​ហើយ​ទាំង​ប៉ូលិស ប៉េអឹម ព្រះរាជអាជ្ញា រហូត​ចៅហ្វាយខេត្ត​ទៀត​នោះ ។ ប្រភព​បន្តទៀតថា លោក សូ ឆ​ង បើក​ជល់​មាន់​ជា​រៀងរាល់ថ្ងៃ​មាន ទាំង​ខ្នាយ​ដែក ខ្នាយ​អំ​ពុង និង​ខ្មង​ក្នុង ១​គូរ​ដក​តុង ១០​ម៉ឺន​រៀល អាំង​សាវ (​អ្នក​ស៊ីសង​)​ក្នុង ១០​ម៉ឺន​រៀល ដក​១​ម៉ឺន​រៀល ទៀត ដូច្នេះ​រក​ចំណូល​បាន​រាប់​ម៉ឺន​ដុល្លារ​ក្នុង​១​ខែៗ ។​

​ប្រភព​បន្តថា សង្វៀន​ជល់​មាន់​ខាងលើ​មាន​លក់ដូរ​គ្រឿង​ហូបចុក​គ្រប់គ្រាន់​ដល់​អ្នកលេង​មិន​ឱ្យ​លំបាក​ឡើយ ហើយ​អ្នកលក់ដូរ​មាន​បាយ នំ​បញ្ចុក ទឹក​សុទ្ធ កាហ្វេ​ត្រូវ​បង់លុយ​ប្រចាំ​ខែ​ឱ្យ​លោក សូ ឆ​ង សម្រាប់​ឱ្យ​សមត្ថកិច្ច​គ្រប់​ផ្នែក​រួម ទាំង​ប៉ុស្តិ៍​រដ្ឋបាល អធិការ​ស្រុក និង​អាវុធហត្ថ​លោក សូ ឆ​ង អ្នកចាត់ចែង​មិនដែល​រំលង​សោះឡើយ ទើប​គាត់​បាន​សុខ​ស្រួល​បែបនេះ ។​

​លោក​ឧត្តមសេនីយ៍ត្រី ឡុច វណ្ណា​រ៉ា ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​ប្រាប់​ឱ្យដឹងថា ករណី​លោក សូ ឆ​ង បើក សង្វៀន​ជល់​មាន់ ហេតុអ្វី​មិន​បង្ក្រាប​នោះ លោក​ឆ្លើយ​មិនទាន់​ដឹង​ដែរ និង​មិន​ទាន់​ទទួល​ព័ត៌មាន​ដែរ ។ លោក​បន្តថា ករណី ល្បែងស៊ីសង ទើប​តែ​ប្រជុំ​ដាក់​ផែនការ​ទៅ​អធិការ និង​ប៉ុស្តិ៍​ទៅ​ឃ្លាំង​មើល​រាល់​ថ្ងៃ និង​បាន​ហាម​ដាច់ខាត​កុំឱ្យ​មាន​ល្បែង​ស៊ី សង​ក្នុង​ទឹកដី​ខ្លួន​និមួយៗ កុំឱ្យ​មាន​ល្បែងស៊ីសង​ឱ្យសោះ​ប្រសិនបើ​មាន​ត្រូវ​ទទួលខុសត្រូវ​ខ្លួនឯង ។​

​លោកស្នងការ​បាន​បញ្ជាក់​ទៀតថា ករណី​លោក សូ ឆ​ង លួច​ជល់​មាន់​នេះ​នឹង​ចាត់​កម្លាំង​ពី​ខេត្ត​ឱ្យ​ចុះ​ពិនិត្យមើល ឥឡូវ​ដើម្បី​មាន​វិធានការ​ភ្លាមៗ ប៉ុន្តែ​មិន​ទាន់​ដឹង​នៅ​កន្លែង​ណា​ទៀត​ពេល​នេះ ប៉ុន្តែ​ប្រជាពលរដ្ឋ មន្ត្រីរាជការ គ្មាន​ជំនឿ​ជាក់ វិធានការ​របស់​សមត្ថកិច្ច​ខេត្ត​កំពង់ឆ្នាំង ធ្វើការ​បង្ក្រាប​សង្វៀន​ជល់​មាន់រ​បស់ សូ ឆ​ង បានឡើយ ព្រោះ​ខ្លាច​បែក​ឆ្នាំងបាយ ។​

​តាម​ការ​ប​ង្ហ៊ើ​បប្រាប់​ឱ្យដឹង​ពី​មន្ត្រីនគរបាល​ជាន់ខ្ពស់​នៃ​ស្នងការ​នគរបាល ខេត្ត​កំពង់ឆ្នាំង​ប្រាប់ថា ករណី​ពាក់ព័ន្ធ សង្វៀន​ជល់​មាន់​របស់លោក សូ ឆ​ង ត្រូវបាន​គេ​ដាក់​បណ្តឹង​ទៅ​ដល់​អគ្គស្នងការ​នគ​របាល​ជាតិ និង​ក្រសួង​មហាផ្ទៃ​អស់ហើយ មាន​ទាំង​ឈ្មោះ​អ្នកពាក់ព័ន្ធ​ក្នុង​ការ​យក​លុយ​ចំនួន​លុយ​ត្រូវ​បង់​ព្រមទាំង​ឈ្មោះ​ម្ចាស់​សង្វៀន និង​មេការ​មើល​ខុស​ត្រូវ​ក្នុង​វង់ ល្បែង​នេះ ដើម្បី​សុំ​អន្តរាគមន៍ និង​វិធានការ​តាម​ផ្លូវច្បាប់ ៕

 

Filed in: ខេត្តកំពង់ឆ្នាំង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 7598 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.