សង្វៀន​ជល់​មាន់​ដុះ​ស្លែ​មួយ​កន្លែង​ក្នុង​ស្រុក​កំពង់ត្រឡាច​កំពុង​ដំណើរការ​យ៉ាងរ​លូន​គ្មាន​រំខាន​ដល់​សមត្ថកិច្ច​

កំពង់ឆ្នាំង​៖ សង្វៀន​បញ្ជល់​បក្សី​មួយ​កន្លែង​ក្នុងស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បច្ចុប្បន្ន​កំពុង​សំងំ​លេង​យ៉ាង​កក្រើក ដោយ​សង្វៀន​ខាងលើ​ក៏​មាន​បង្កប់​ល្បែងស៊ីសង មាន​បៀរ អាប៉ោង ចាក់​ភ្នាល់​ស៊ីសង​ធំៗ​ផងដែរ​។​

​បើ​តាម​សេចក្តីរាយការណ៍​អាច​ទុកចិត្ត​ទាំងស្រុង​បាន​ទំលាយ​ថា សង្វៀន​ជល់​មាន់​ខាងលើ គ្រប់គ្រង​ដោយ​លោក សូ ឆ​ង ជា​មន្ត្រី​យោធា​ជាន់ខ្ពស់​មាន​ឋានន្តរសក្តិ​ជា​វរសេនីយ៍ទោ (​សក្តិ​៤​កន្លះ​) ផ្នែក​គីមី​សាស្ត្រ ។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា សង្វៀន​កីឡា​បក្សី​នេះ បើ​តាម​គេ​ដឹង គឺ​បើក​ដំណើរការ​ជា​ច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​មិន​ដែល​ឃើញ​ក្រុម​សមត្ថកិច្ច​ណា​ម្នាក់​ទៅ​រំខាន​លើ​យ ហើយ​ការបើក​ភ្នាល់​ជល់​មួយគូរ​សុទ្ធតែ​រាប់​លាន​រៀល ដោយ​ម្ចាស់​សង្វៀន ឈ្មោះ សូ ឆ​ង នេះ​បាន​បង្កើត​ទីតាំង​ចំនួន​3​កន្លែង​សំរាប់​ចល័ត ដែល​កន្លែង​និមួយៗ​សុទ្ធតែ​មាន​បង្កប់​ដោយ​វង់​បៀរ​និង​អាប៉ោង​យ៉ាង​គគ្រឹកគគ្រេង ។​

​សេចក្តីរាយការណ៍​បាន​បង្ហើប​ទៀតថា សព្វថ្ងៃ​លោក​សូ ឆ​ង កំពុង​រកស៊ី​កាក់កប​ណាស់ ព្រោះ​សូម្បី​តែ​ក្រុម​អ្នកលក់ដូរ​ក្នុង​សង្វៀនមាន់​ក៏​ត្រូវ​បង់លុយ​ប្រចាំ​ខែ​ដល់​ម្ចាស់​សង្វៀន​ម្នាក់​រាប់រយ​ដុល្លា ចំណែក​អាប៉ោង​មួយ​វង់​ក៏​បង់​ប្រាក់​ក្នុង​១​ថ្ងៃ​300​ដុល្លា​ដែរ ។ ដូច្នេះ​គេ​សង្កេតឃើញថា សង្វៀន​ជល់​មាន់​របស់លោក សូ ឆ​ង រក​ប្រាក់​ចំណូល​ក្នុង​១​ខែៗ ប្រហែល​ខ្ទង់​ម៉ឺន​ដុល្លា​ឯណោះ បើ​ប្រៀបធៀប​ទៅ​គឺ​មិន​ចាញ់​ថៅកែ​កាស៊ីណូ​ប៉ុន្មាន​ឡើយ ។​

ចំពោះ​ការបើក​សង្វៀនមាន់​បង្កប់ដោយ​ល្បែងស៊ីសង​ស្ទើ​គ្រប់​ប្រភេទ​ដោយ​គ្មាន​ការរំខាន​ពី​សំណាក់​សមត្ថកិច្ច​បែប​នេះ មជ្ឈដ្ឋាន​ជាច្រើន​ក៏​បាន​រិះគន់​ថា ម្ចាស់​សង្វៀន​ពិតជា​បង់លុយ​ប្រចាំខែ​ជូន​ដល់​ថ្នាក់លើ ដោយ​គេ​សំអាងថា បើ​ខ្មោច​ស្រុក​មិន​បើកដៃ​មិនដែល​ខ្មោច​ព្រៃ​ហ៊ាន​ដល់​ថ្នាក់​នេះ​ទេ​!​។​

​ទាក់ទិន​នឹង​ការបើក​សង្វៀន​ជល់​មាន់​បង្កប់​ល្បែង បៀ​រ អាប៉ោង ខាងលើ​លោក ម៉ាត់ លី អធិការនគរបាល​ស្រុក​កំពង់ត្រឡាច បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ភូមិសាស្ត្រ​របស់​លោក​ពុំ​ដែល​លេចឮ​ថា​មាន​បទល្មើស​បញ្ជល់​កីឡា​បក្សី​ឬ​ប្រភេទ​ល្បែង​សីុស​ង​ផ្សេងៗ​លើ​យ ក្រែង​អាចមាន​ក្នុង​ភូមិសាស្ត្រ​ស្រុក​ពញាឮ ខេត្តកណ្តាល​ក៏​មិនដឹង ។ ដោយឡែក អធិការនគរបាល​ស្រុក​ពញាឮ​ក៏​បាន​បញ្ជាក់​យ៉ាងច្បាស់​ថា ក្នុង​តំបន់​ភូមិសាស្ត្រ​ដែល​លោក​គ្រប់គ្រង​គី​ដាច់​ខា​ច​អត់​មាន​ល្បែងស៊ីសង​អ្វី​ទាំងអស់ ប៉ុន្តែ លោក​ធ្លាប់​ឮ​ថា​សង្វៀន​ជល់​មាន់​ពិតជា​បាន​បង្កើត​នៅក្នុង​ទឹកដី ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង ឯណោះ​វិញ​ទេ បើ​ចង់ដឹង​ច្បាស់​សាកសួរ​សមត្ថកិច្ច​ក្នុង​តំបន់​នោះ​ទៅ ។​

​ពាក់ព័ន្ធ​នឹង​ករណី​នេះ​ដែរ លោក​ឧត្តមសេនីយ៍ ស្នងការ​នគរបាល​ខេត្ត​កំពង់ឆ្នាំង ឡុច វណ្ណា​រ៉ា កន្លងមក​លោក​ធ្លាប់​បញ្ជាក់ថា លោក​នឹង​បង្ក្រាប​ឱ្យអស់​រាល់​សកម្មភាព ដែល​ទាក់ទង​នឹង​បទល្មើស​ទាំងឡាយ ប៉ុន្តែ​ចំពោះ​ករណី​ថា មាន​គេ​លួច​បង្កើត សង្វៀន​ជល់​មាន់​ឬ​ល្បែង​សីុស​ង​ក្នុង​តំបន់​ដែល​លោក​កាន់កាប់​មែន​នោះ លោក​នឹង​ចាត់​ឱ្យ​កូនចៅ​ចេញទៅ​បង្ក្រាប​តែម្តង​។​

​ទោះជា​បែបណា​មហាជន​បាន​នាំគ្នា​រិះគន់​ចំៗ​មក​លើ​ក្រុម​សមត្ថកិច្ច​ដែល​គ្រប់គ្រង​ក្នុង​តំបន់​ខាងលើ ដោយ​ពួកគេ​លើក​ហេតុផល​ថា ការបើក​បន​ល្បែង​ដ៏​កក្រើក​យូរ​ឆ្នាំ​មកហើយ បែរជា​សមត្ថកិច្ច​ថា​មិនដឹង ហើយ​បែរជា​ឆ្លើយ​យករួចខ្លួន​ដោយ​សំអាង​លើ​ភូមិសាស្ត្រ​បើក​ល្បែង​ជា​ចំណុច​ព្រំប្រទល់​បី​ខេត្ត គី កំពង់ឆ្នាំង កណ្តាល​និង​កំពង់ស្ពឺ ទើប​បានជា​សមត្ថកិច្ច​មិនសូវ​ខ្វល់ខ្វាយ​បែបនេះ ៕
​ណា​រិទ្ធ​

 

Filed in: ខេត្តកំពង់ឆ្នាំង, ព័ត៌មាន ដែលគួរចាប់អារម្មណ៍, ព័ត៌មានសំខាន់

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 7647 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.