ក្រុមយុវជន​នៃ​អង្គការ​សប្បុរសធម៌​កុលបុត្រ​កម្ពុជា​ចុះ​យុទ្ធនាការ​រៃអង្គាសប្រាក់ ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា​

មណ្ឌល​គី​រី ៖ ក្រុមយុវជន​នៃ​អង្គការ​សប្បុរសធម៌​កុលបុត្រ​កម្ពុជា ធ្វើដំណើរ​មក​ដល់​ខេត្ត​មណ្ឌលគិរី ហើយ នៅ​ព្រឹក​ថ្ងៃទី​៣០​ខែ មករា​ឆ្នាំ​២០១៧​នេះ ក្នុង​យុទ្ធនាការ​រៃ​អង្គាស​ប្រាក់​ពី​ប្រជាពលរដ្ឋ​ទូទៅ​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ផា សម្រាប់​ព្យាបាល​ជំងឺ​ដល់​កុមារ និង​ជួយ​ដល់​អង្គការ​សប្បុរសធម៌​កុលបុត្រ សម្រាប់​សាងសង់​អគារ​ស្នាក់នៅ​របស់​កុមារកំព្រា​។​

​ក្រុមយុវជន​នៃ​អង្គការ​សប្បុរសធម៌​កុលបុត្រ​កម្ពុជា ប្រមាណ ១២​នាក់ បាន​ធ្វើដំណើរ​ដោយ​ជិះ​កង់​ចាកចេញ​ពី​ខេត្ត​រតនះគិរី កាលពី​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្ពោះ​មក​ខេត្ត​មណ្ឌលគិរី ដែល​ជា​ខេត្ត​ទី​១២ ដើម្បី​រួមគ្នា​ជាមួយ​ក្រុម​យុវជន​យុវនារី​នៃ​សហភាព​សហព័ន្ធ​យុវជន និង​យុវជន​១៥៧​កាកបាទ​ក្រហម​ខេត្ត​មណ្ឌលគិរី ២៥​នាក់ ដើរ​រៃអង្គាសប្រាក់​ជា​លើក​ទី​ពីរ នៅ​ទីផ្សារ​ក្រុង​សែន​មនោ​រម្យ ដើម្បី​ប្រមូល​ថវិកា​ផ្ដល់​ទៅឲ្យ​មន្ទីរពេទ្យ​គន្ធបុប្ផា ជួយ​កុមារ​កំពុង​ព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​នេះ និង​អង្គការ​សប្បុរសធម៌​កម្ពុជា​កុលបុត្រ សម្រាប់​សាងសង់​អគារ​ស្នាក់នៅ​របស់​កុមារកំព្រា​ផងដែរ ។​

​ក្រុមយុវជន​ស្ម័គ្រចិត្ត​ដើរ​រៃអង្គាសប្រាក់ អ្នកខ្លះ​កាន់​បដា​រូបភាព​មាន​អត្ថន័យ កង់​គន្ធបុប្ផា​គ្មាន​ស្រា កង់​គន្ធបុប្ផា ១​លាន​ដុល្លារ និង​កង់​គន្ធបុប្ផា ២៥​ខេត្ត​ក្រុង​។ ក្រៅពី​បដា​ពាក្យស្លោក​អ្នកស្ម័គ្រចិត្ត ខ្លះ​ទៀត​កាន់​ហិប​ប្រមូល​វិភាគទាន ខ្លះ​កាន់​ឧបករណ៍​បំពង​សំឡេង​អំពាវនាវ​ឲ្យ​សប្បុរសជន​ចូលរួម​ជាមួយ​យុទ្ធនាការ​សប្បុរសធម៌​នៅ​ទូទាំង ២៥ ខេត្ត ក្រុង​នៃ​ប្រទេស​កម្ពុជា​។​

​សំឡេង​អំពាវនាវ​តាម​ឧបករណ៍​បំពង​សំឡេង​ដាស់​អារម្មណ៍​ប្រជាពលរដ្ឋ​ក្រុង​សែន​មនោ​ត​ម្យ មិន​ថា​មនុស្ស​ចាស់ ឬ​មនុស្ស​វ័យ​កណ្ដាល​នោះទេ សូម្បី​កុមារ​ក៏​បាន​ចូលរួម​បរិច្ចាគ ប្រាក់​ក្នុង​ហិប​ប្រាក់​មនុស្សធម៌​ជា​ហូរហែ​ពេញ​មួយ​ថ្ងៃ​នៃ​យុទ្ធនាការ​ជិះ​កង់​ប្រមូល​ថវិកា​សប្បុរស​នៅ​ខេត្តមណ្ឌលគិរី​នេះ​។​

​អនុប្រធាន​ក្រុមយុវជន​នៃ​អង្គការ​សប្បុរសធម៌​កម្ពុជា​កុលបុត្រ លោក ធុល វិសាល បានអោយដឹងថា យុទ្ធនាការ​សប្បុរសធម៌​នេះ​គឺ​មាន​គោលបំណង​ប្រមូលប្រាក់​ជួយ​កុមារ​កម្ពុជា ហើយ​ថវិកា​ដែល​ប្រមូលបាន​នោះ ៥០% ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា និង ៥០% ជួយ​អង្គការ​សប្បុរសធម៌​កម្ពុជា​កុលបុត្រ ដើម្បី​កសាង​មណ្ឌល​កុមារកំព្រា និង​ធ្វើ​អគារ​ស្នាក់​នៅ​ឲ្យ​កុមារកំព្រា​។​

​លោក​បន្តថា យុទ្ធនាការ​នេះ​គ្រោង​ប្រមូល​ថវិកា​ឲ្យបាន ១​លាន​ដុល្លារ​សម្រាប់​ដំណើរ​ជិះ​កង់​នៅ​ខេត្ត​ក្រុង​ចំនួន​២៥​។​យុទ្ធនាការ​ជិះ​កង់ ២៥​ខេត្ត​-​ក្រុង​នេះ បាន​ឆ្លងកាត់​ខេត្ត​ចំនួន ១១ រួម​មាន​ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ ឧត្តរមានជ័យ សៀមរាប កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង​នឹង រតនះគិរី​។ ខេត្ត​ដែល​ប្រមូល​ថវិកា​បាន​ច្រើនជាងគេ​គឺ​ខេត្ត​ប៉ៃលិន ប្រមូល​ថវិកា​បាន​ជាង ១​ម៉ឺន​ដុល្លារ​។​

​លោក សាង រ៉ា អនុប្រធាន (​ស ក យ ក​) ខេត្ត​មណ្ឌលគិរី​បានអោយដឹងថា សកម្មភាព​យុវជន​១៥៧​កាកបាទ​ក្រហម និង​សកម្មជន​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ខេត្ត​មណ្ឌលគិរី ២៥​នាក់ បាន​ចូលរួម​ប្រមូល​ប្រាក់​នៅ​ខេត្ត​មណ្ឌលគិរី ជាមួយ​យុវជន​ជិះ​កង់​ប្រមូល​ថវិកា​សប្បុរស​នេះ​។​

​លោក​ថា នេះ​ជា​សកម្មភាព​មនុស្សធម៌​ដ៏​សំខាន់​ដែល​យុវជន​នៅ​ខេត្ត​ភាគ​ឦសាន​សម្រេចចិត្ត​ចលនា​មហាជន​ឲ្យ​បរិច្ចា​គប្រាក់​ដើម្បី​ប្រយោជន៍​សង្គម​៕

 

Filed in: ខេត្តមណ្ឌលគិរី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.