កម្លាំងចម្រុះ​ស្រុក​ឆែ​ប រឹបអូស​បាន ឈើ ចំនួន ៤៣​កំណាត់ ដែល​ឈ្មួញ​ទុក​ចោល​ក្នុង​ព្រៃ​

ខេត្ត​ព្រះវិហារ​៖  កម្លាំងចម្រុះ​រដ្ឋបាល​ស្រុក​ឆែ​ប សហការ​ជាមួយ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ កម្លាំង​នគរបាល និង​កម្លាំង​កងរាជអាវុធហត្ថ បាន​ធ្វើ​ការបង្ក្រាប​បទ​ល្មើស​ព្រៃឈើ​បាន​ចំនួន ០៤​ករណី មាន​ឈើ​លេខ​១ និង​ឈើ​លេខ​២ ជិត​៤០​ម៉ែត្រគូប ត្រូវ​ធ្វើការ​រឹបអូស​ទុកជា​សម្បត្តិ​រដ្ឋ នៅក្នុង​ខែ​មករា ឆ្នាំ​២០១៧ ។​

​លោក​សុខ មុន្នី​រិទ្ធ អភិបាលរង​ស្រុក​ឆែ​ប ទទួលបន្ទុក​គណៈបញ្ជាកា​រ​ឯកភាព​ស្រុក និង​លោក សេង លាង នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ម្លូព្រៃ​-​ឆែ​ប បាន​ដឹកនាំ​កម្លាំង​ចុះ​ធ្វើការ​បង្ក្រាប​ឈើ​លេខ​១ ប្រភេទ​សុក្រ​ម​បាន​ចំនួន ៤៣​កំណាត់ នៅ​ចំនុច​ភូមិ​សង្កែ​មួយ ឃុំ​សង្កែ​មួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ ដែល​ឈ្មួញ​សន្និធិ​ទុកចោល​។​

​បច្ចុប្បន្ន វត្ថុតាង និង​ឈើ​ចំនួន ៤៣​កំណាត់​ខាងលើ ត្រូវបាន​ដឹក​យក​មក​រក្សាទុក​នៅ​ថ្នាល​បណ្តុះ​កូនឈើ​បណ្តោះអាសន្ន ដើម្បី​ចងក្រង​សំណុំរឿង​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​។​

​បើ​តាម​ការ​ឲ្យដឹងពី លោក សេង លាង នាយ​សង្កាត់​ម្លូព្រៃ​-​ឆែ​ប ថា ដោយ​មាន​ការណែនាំ​ចង្អុលបង្ហាញ​ពី​លោក ពឹង ទ្រី​ដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះវិហារ ឲ្យ​អង្គភាព​ជំនាញ​ក្រោម​ឱវាទ យកចិត្តទុកដាក់ ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ និង​ដោយ​មាន​ឆន្ទៈ​ក្នុង​ការអនុវត្ត​តួនាទី​ភារៈកិច្ច ទើប​ការបង្ក្រាប​បទល្មើស​នៅក្នុង​ដែនដី​របស់​ខ្លួន បាន​ជា​បន្តបន្ទាប់ ជាក់ស្តែង​នៅក្នុង​ខែ​មករា ឆ្នាំ​២០១៧​នេះ បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​ចំនួន ០៤​ករណី រឹបអូស​បាន​ឈើ​លេខ​១ និង​លេខ​២ បាន​ចំនួន​ជិត​៤០​ម៉ែត្រគូប ទុកជា​សម្បត្តិ​រដ្ឋ​ផង​ដែរ​។​

​លោក អភិបាលរង​ស្រុក​ឆែ​ប សុខ មុន្នី​រិទ្ធ បានឲ្យដឹងថា ដោយ​មាន​បទបញ្ជា​យ៉ាង​មុឺងម៉ាត់​ពី​សំណាក់ ឯកឧត្តម អ៊ុន ចាន់ អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​ព្រះវិហារ ឲ្យ​រដ្ឋបាល​ស្រុក​ទូ​ទាំង​ខេត្ត ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិ​ការទប់ស្កាត់ និង​បង្ក្រាប​រាល់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ ពិសេស​ការ​លួច​កាប់​ទន្រា​ន​ដី​ព្រៃ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​។

​រដ្ឋបាល​ស្រុក​ឆែ​ប បាន​ធ្វើ​ការសហការ​ជាមួយ​កម្លាំង​ចម្រុះ ចុះ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ដែល​កើតមាន​នៅក្នុង​ដែនដី​រដ្ឋបាល​ស្រុក​ឆែប​ជាប្រចាំ ក្រោម​ការបញ្ជា​ដាក់​ទិសដៅ​ពី​ឯកឧត្តម អភិបាល​ខេត្ត​ព្រះវិហារ ៕

 

Filed in: ខេត្តព្រះវិហារ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2018 ឆន្ទៈខ្មែរ | Chhantak Khmer News. All rights reserved. XHTML / CSS Valid.
error: Content is protected !!